(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ចេញនូវផែនការ៥ចំណុច ដល់គណៈកម្មការរបស់ខ្លួនតាមរាជធានី-ខេត្ត ដើម្បីធានាការពារសនិ្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

តាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០១៨នេះបានឱ្យដឹងថា ដើម្បីធានាបាននូវការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសនយោបាយល្អ ស្ងប់ស្ងាត់ អព្យាក្រឹត និងយុត្តិធម៌ ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមណែនាំលោក លោកស្រីប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដូចខាងក្រោម៖

១៖ បន្តការពង្រឹងទំនាក់ទំនង កិច្ចសហការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយនឹងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង-ក្រុង-ស្រុក-ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដើម្បីចាត់វិធានការការពារសន្តិសុខ សុវត្ថិភាពឱ្យបានតឹងរឹង ផ្អែកតាមគោលការណ៍ ដែលបានកំណត់នៅក្នុងផែនការអន្តរស្ថាប័ន លេខ០០៩ផ.ក/១៦ របស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីកិច្ចការពារការចុះឈ្មោះបោះឆ្នោត ដើម្បីធានារៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៨ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។

២៖ ត្រូវពង្រឹង កិច្ចសហការចាត់វិធានការ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្រប់សកម្មភាពរបស់ភ្នាក់ងារ និងបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោត ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ឱ្យបានមធ្យ័តបំផុតតាមសមត្ថកិច្ចដែនដីរបស់ខ្លួន។

៣៖ ត្រូវចាត់ចែង តាមដានត្រួតពិនិត្យសភាពការណ៍ និងសុំអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្នុងករណីមានការអុកឡុក ការគំរាមកំហែង អំពើហិង្សាល្មើសច្បាប់ផ្សេងៗ ដែលនាំឱ្យរាំងស្ទះដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ។

៤៖ ត្រូវផ្តល់ព័ត៌មាន ឬរបាយការណ៍ជាប្រចាំ អំពីស្ថានភាពសន្តិសុខ សុវត្ថិភាព ជុំវិញដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ផ្ញើរជូនអគ្គលេខាធិការដ្ឋាន គ.ជ.ប ឱ្យបានទៀងទាត់ចាប់ពីពេលនេះតទៅ។ ក្នុងករណីចាំបាច់ត្រូវរាយការណ៍ជាបន្ទាន់ជូនថ្នាក់ដឹកនាំ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

៥៖ ត្រូវចាត់ចែងរៀបចំកិច្ចប្រជុំចម្រុះ ក្នុងគោលដៅជួបពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប រួមនឹងការចាត់វិធានការណ៍ផ្សេងៗ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬក៏បាតុភាពនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុ នៅគ្រប់ដំណាក់កាល នៃការរៀបចំការបោះឆ្នោត។ កិច្ចប្រជុំត្រូវរៀបចំក្នុងមួយសប្តាហ៍ម្តង និងអាចកោះប្រជុំតាមការចាំបាច់៕