(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព លោក ពុទ្ធ រិទ្ធី ប្រធានក្រុមប្រឹក្សាស្រុកកណ្តៀង ដែលទទួលមរណភាព កាលពីវេលាម៉ោង០៦៖១២នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦២ឆ្នាំ បន្ទាប់ពីទទួលបានការថែទាំសុខភាព អស់រយៈពេលជាង៥ខែកន្លងមក។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពនេះ ធ្វើឡើងនៅគេហដ្ឋានសពស្ថិតក្នុងភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន ព្រមទាំងអ្នករួមដំណើរទាំងអស់ បានសម្តែងនូវក្តីក្រៀមក្រំ ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ លោក ពុទ្ធ រិទ្ធី។ លោកក៏បានចាត់ទុកថាជាការបាត់បង់នូវបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិ រហូតដល់រូបលោក បានលាចាកលោកយើងនេះទៅ គួរឲ្យសោកស្តាយជាទីបំផុត។
លោក ម៉ៅ ធនិន តាងនាមជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានឧបត្ថម្ភ អង្ករ១២៥គីឡូក្រាម ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស និងថវិកាចំនួន២លានរៀល ទុកចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានៅក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា សម្រាប់ទិញក្តាមឈូស ជូនគ្រួសារសពក្មួយស្រី ម៉ុច មានកូន៣ខែ និងម្តាយជាស្រ្តីមេម៉ាយ ដែលមានជីវិតក្រលំបាក រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ព្រមទាំងបានជូនជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា សម្រាប់ទុកចាត់ចែង ធ្វើបុណ្យតាមប្រពៃណីផងដែរ៕