
កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម២២នាក់ នៅខណ្ឌឫស្សីកែវ និងខណ្ឌដូនពេញ
18-04-2018 16:07
(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងហាងម៉ាស្សា ផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ប្រតិបត្តិការនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ មានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា បានឃើញមានជនជាតិវៀតណាម ចំនួន២២នាក់ (ស្រី១២នាក់) បានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញបានបញ្ជូនជនជាតិវៀតណាមទាំង២២នាក់ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕