(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ ចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីសុខភាព ជីវភាព របស់អតីតយុទ្ធជន និងគ្រួសារឲ្យបានជាប្រចាំ ហើយពិនិត្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា។
ការថ្លែងជំរុញយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ក្នុងស្រុករលាប្អៀ និងក្រុងកំពង់ឆ្នាំង សរុប៨៥៧នាក់ ដោយមានការចូលរួមពី លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។
ជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងជូនពរឆ្នាំថ្មីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនទូទាំងខេត្ត នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងពីវីរភាពដ៏អង់អាចក្លាហាន និងការលះបង់ឥតស្តាយស្រណោះ របស់អតីតយុទ្ធជនគ្រប់ជំនាន់ ដែលបានធ្វើឲ្យប្រជាជនរស់នៅដោយសុខសាន្ត ហើយក្រោមនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិទទួលបានសុខ សន្តិភាពពេញលេញ និងកំពុងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ដូចសព្វថ្ងៃ។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម ការបំពាក់គ្រឿងឥស្សរិយសការពារជាតិនាពេលនេះ ជាការផ្តល់កិត្តិយសយ៉ាងសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេង របស់វីរអតីតយុទ្ធជនកម្ពុជាយើង ដែលបានពលី ពិការ ឬបាត់បង់សមត្ថភាពការងារ ដើម្បីបុព្វហេតុការពារជាតិ ការពារមាតុភូមិ និងប្រជាជន។
ជាមួយគ្នានោះ យោធិនពិការ ម៉ូ សឿន អាយុ៥៤ឆ្នាំ អតីតអនុប្រធាន ខ យោធាស្រុករលាប្អៀ បានសម្តែងទឹកចិត្តរំភើបរីករាយ ដែលទទួលបានមេដាយថ្នាក់សំរិទ្ធ នាពេលនេះ ហើយក្នុងនាមអតីតយុទ្ធជនទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងទ្វេ ដែលបានផ្តល់កិត្តិយស និងប្ដេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត និងធ្វើជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជារៀងរហូត៕