(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាលជាតិ កម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុបរហូតដល់៨ម៉ឺននាក់ រួមទាំងមានកម្លាំងប្រជាការពារប្រមាណ២ម៉ឺននាក់ផងដែរ នឹងប្រើប្រាស់ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បញ្ជាក់ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលដកស្រង់សម្ដីដោយគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងទៀតថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ ភ្នាក់ងារសន្តិសុខបោះឆ្នោតនៅពេលនេះ មានរយៈពេលតែ៣ថ្ងៃនោះទេ ប៉ុន្តែប្រធានបទមានដល់ទៅ៩ ហើយនៅក្នុងប្រធានបទ៩នោះ គឺសុទ្ធតែពាក់ព័ន្ធទៅនឹងសកម្មភាពសន្តិសុខ នៃការបោះឆ្នោតទាំងអស់ ដូច្នេះនាយឧត្តមសេនីយ៍បានថ្លែងអំណរគុណចំពោះស្ថាប័ន (គ.ជ.ប) ដែលបានគាំទ្រ និងផ្តល់គ្រូឧទ្ទេសនាម បណ្តុះបណ្តាលសម្រាប់វគ្គសិក្សាការបោះឆ្នោត។
នាយឧត្តមសេនីយ៍អគ្គស្នងការរង បានសំណូមពរឲ្យសិក្ខាកាមទាំងអស់ត្រូវយក ចិត្តទុកដាក់ត្រងត្រាប់ ស្តាប់គ្រូឲ្យមែនទែន ដើម្បីក្តាប់ជាប់គ្រប់ខ្លឹមសារ និងយកទៅបើកវគ្គបណ្តុះបណ្តាលតាមអង្គភាព និងរាជធានី-ខេត្ត ឲ្យបានទាន់ពេលវេលា ដោយហេតុថាការបោះឆ្នោតកាន់ខិតជិតចូលមកដល់ ពោលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ដូច្នេះមន្ត្រីដែលចូលរួមការពារបោះឆ្នោតទាំងអស់ មានការយល់ដឹងបានគ្រប់ៗគ្នា ដើម្បីធ្វើឲ្យបរិយាកាស នៃការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែង។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីច្បាប់បទបញ្ជា និងនីតិវិធីដសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ ភ្នាក់ងារសន្តិសុខបោះឆ្នោត មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត៕