(ពោធិ៍សាត់)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សហការជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្ត។
វេទិកានេះ ប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តផងដែរ។
នៅក្នុងវេទិកាសន្ទនានេះ (វ.ស.ស) អាជ្ញាធរខេត្ត និងអង្គការសង្គមស៊ីវិល បានធ្វើការជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក ជាមួយគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល ដោយបានលើកឡើងអំពីបញ្ហាប្រឈមជាក់ស្តែង ដែលកើតមាននៅក្នុងមូលដ្ឋានក្នុងខេត្ត ក៏ដូចជាសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋផងដែរ។
ជាងនេះទៅទៀត វេទិកាសន្ទនានេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចែករំលែកនូវទស្សនៈរវាងគ្នាទៅវិញទៅមក រវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល សម្តៅពង្រឹងភាពជាដៃគូជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត។ បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងផុសផុល អង្គវេទិកាបានដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ នៅក្នុងកិច្ចសន្ទនានេះផ្ទាល់តែម្តង។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលតម្រូវឱ្យមានការសិក្សាឱ្យបានល្អិតល្អន់ ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយមន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីសហការស្វែងរកដំណោះស្រាយជាមួយគ្នា។
សូមបញ្ជាក់ថា (វ.ស.ស) គឺជាអ្នកសម្របសម្រួលដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលជាមួយអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចម្រើន។ (វ.ស.ស) ចូលរួមលើកកម្ពស់តួនាទីរបស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកផ្តល់ការគាំទ្រ និងជំរុញការអនុវត្តគម្រោងជាក់ស្តែងដែលឆ្លើយ តបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋមូលដ្ឋានតាមរយៈអង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ខ្ពស់ ចំពោះតួនាទី និងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ដែលបានបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឱ្យមានការរីកចម្រើនប្រកបដោយចីរភាព៕