(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមន៍កម្ពុជា អាណត្តិទី៥ ឆ្នាំ២០១៨។
ការតែងតាំងនេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់ លោកត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីក្រសួងប្រៃសណីណ៍ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងកម្មវិធីតែងតាំងក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៥ របស់ទូរគមនាគមន៍កម្ពុជា លោក ត្រាំ អ៊ីវតឹក បានឲ្យដឹងថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឲ្យឃើញនូវការគាំទ្រ និងការបន្ដយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអាណាព្យាបាលចំពោះទូរគមនាគមន៍កម្ពុជា ក្នុងការពង្រឹង និងពង្រីកការងារអាជីវកម្មក្នុងទីផ្សារ ប្រកួតប្រជែង ព្រមទាំងបន្ដអភិវឌ្ឍន៍វិស័យទូរគមនាគមន៍នៅកម្ពុជា។
លោករដ្ឋមន្រ្ដីបានថ្លែងបន្ដទៀតថា ទន្ទឹនឹងនេះក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជា ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់ការផ្ដល់សេវា ជូនអតិថិជនប្រកបដោយស្មារតីម្ចាស់ការ ភក្ដីភាព និងមានសីលធម៌ក្នុងវិជ្ជាជីវៈ ក្នុងគោលបំណងធ្វើយ៉ាងណាបម្រើ អតិថិជនឲ្យបានកាន់តែល្អប្រសើរឡើង។ ដើម្បីសម្រេចបាននូវវត្ថុបំណងនេះ ថ្នាក់ដឹកនាំ និងនិយោជិតទូរគមនាគមន៍កម្ពុជា ត្រូវមានទស្សនាទានផ្លាស់ប្ដូរ ឥរិយាបថ និងផ្នត់គំនិតពីមន្រ្ដីរាជការ ឲ្យទៅជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងទាន់ពេលវេលា។
ក្នុងនោះដែរលោក សុខ ពុទ្ធិវុធ ដែលទើបនឹងបានទទួលតំណែងជាប្រធាន ក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ទំនុកចិត្តក្នុងការតែងតាំងលោក ជាប្រធានក្រុមប្រឹក្សាភិបាល ទូរគមនាគមន៍កម្ពុជា សម្រាប់អណត្តិទី៥នេះ។
នាឱកាសនោះ លោក សុខ ពុទ្ធិវុធ បានប្ដេជ្ញាចិត្តថា៖
១៖ គ្រប់គ្រង ដឹកនាំ ស្របតាមអនុក្រឹត្យរបស់រាជារដ្ឋាភិបាលកម្ពុជា
២៖ រៀបចំនូវរចនាសម្ព័ន្ធ និងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស ព្រមទាំងលក្ខន្ដិកៈ និងកាំប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភផ្សេងៗ សម្រាប់បុគ្គលិកដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិទាំងឡាយ ជាធរមានឲ្យកាន់តែប្រសើរឡើង។
៣៖ ពង្រឹងវិន័យ និងសាមគ្គីភាពផ្ទៃក្នុងជួរថ្នាក់ដឹកនាំ ដោយលុបបំបាត់ការបែងចែកក្រុម ឬបក្សពួកនិយម។
៤៖ ពង្រឹងការគ្រប់គ្រងការងារបច្ចេកទេស ប្រតិបត្តិការថែទាំ និងពង្រីកការងារអាជីវកម្មនៅទូទាំងប្រទេស និងផ្ដល់សេវាកម្មជូនអតិថិជន ឲ្យបានទូលំទូលាយមានលក្ខណៈបត់បែន និងរស់រវើក និងខិតខំរកសេវាថ្មីបន្ថែមទៀត ជាពិសេសដៃគូវិនិយោគលើហេដ្ឋារចនា Back Bon និង Sub-marine cable។
៥៖សហការឲ្យបានជិតស្និទ្ធជាមួយអង្គភាព និងប្រតិបត្តិករទូរគនាគមន៍ក្នុង និងក្រៅប្រទេស ដើម្បីរំដោះស្រាយបញ្ហាអាក់អួលផ្នែកបច្ចេកទេស និងពង្រឹងគុណភាពសេវា ពិសេសសេវាមាត់ច្រកអន្ដរជាតិ
៦៖ ពង្រឹងយន្ដការគ្រប់គ្រងយ៉ាងម៉ត់ចត់ លើការប្រមូលចំណូល និងទារបំណុល។
៧៖ គ្រប់គ្រងចំណូល ចំណាយរបស់ទូរគមនាគមន៍កម្ពុជាឲ្យមានតមលាភាព និងប្រសិទ្ធិភាពខ្ពស់ និងលុបបំបាត់អំពើលួចកិបកែងទ្រព្យសម្បត្តិ
របស់ទូរគមនាគមន៍កម្ពុជា។
៨៖ រៀបចំការងារអាជីវកម្មរយៈពេលវែងសម្រាប់ទូរគមនាគមន៍កម្ពុជា៕