(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ បានអះអាងថា នៅឆ្នាំ២០៣០ វិស័យកសិកម្មកម្ពុជា នឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្ម មានលក្ខណៈប្រកួតប្រជែងទីផ្សារ និងមាននិរន្តរភាព ដើម្បីរួមចំណែកក្នុងការធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពអាហារូបត្ថម្ភ សម្រាប់សុខុមាលភាព នៃប្រជាជនកម្ពុជា។

យោងតាម Facebook ផ្លូវការរបស់លោក វេង សាខុន ក្នុងឱកាសដែលលោកអញ្ជើញ បើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីតួនាទីគ្រឿងយន្តកសិកម្ម ក្នុងការពង្រឹងភាពបន្សាំរបស់កសិករខ្នាតតូច ដោយប្រើប្រាស់បច្ចេកទេស ដើម្បីអភិរក្សកសិកម្ម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៅសណ្ឋាគារសាន់វេ លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា «សម្រាប់ប្រទេសកម្ពុជា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្ម មានលក្ខណៈប្រកួតប្រជែងទីផ្សារ និងមាននិរន្តរភាព ដើម្បីរួមចំណែកក្នុងការធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពអាហារូបត្ថម្ភសម្រាប់សុខុមាលភាពនៃប្រជាជនកម្ពុជា»។

លោក វេង សាខុន បានបញ្ជាក់ទៀតថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ទិសដៅពីរសំខាន់ៗគឺ៖ ទី១៖ លើកកម្ពស់កំណើនកសិកម្ម ដែលមានលក្ខណៈជារួម តាមរយៈការបង្កើនផលិតភាព ការធ្វើពិពិធកម្ម ការធ្វើការប្រកួតប្រជែង និងការធ្វើជំនួញកសិកម្ម និងទី២៖ ការលើកម្ពស់ការប្រើប្រាស់ដីកសិកម្ម ការអភិវឌ្ឍ និងគ្រប់គ្រងធនធានព្រៃឈើ និងជលផលឲ្យមាននិរន្តរភាព។

លោក វេង សាខុន ក៏បានបញ្ជាក់ថា វិស័យកសិកម្ម នាពេលបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាការធ្លាក់ចុះកម្លាំងពលកម្ម ការប្រែប្រួលអាកាសធាតុ និងឳនភាពដី ដែលធ្វើឲ្យវិស័យនេះ មិនអាចឈានទៅសម្រេចបាន ឬបំពេញឲ្យអស់លទ្ធភាពនូវសក្តានុពលរបស់ខ្លួនដែលមាន។ ដូច្នេះ ការអភិវឌ្ឍគ្រឿងយន្តកសិកម្ម ការធ្វើទំនើបកម្មសិកម្ម គឺជាដំណោះស្រាយមួយដ៏សមស្របក្នុងការបង្កើនសមត្ថភាពដល់មនុស្ស ដែលនាំទៅរកការពង្រឹង និងបង្កើនផលិតភាពកសិកម្ម កាត់បន្ថយកម្លាំងមនុស្ស ប្រើប្រាស់ដីឲ្យអស់លទ្ធភាព និងទទួលបានប្រសិទ្ធភាព សំដៅធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

លោកស្រីបណ្ឌិត Li Yutong នាយកមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្ម សមស្របរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) បានគូសបញ្ជាក់ថា ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយដែលតំបន់អាស៊ី និងប៉ាស៊ីហ្វិកបាន និងកំពុងជួបប្រទះ តាមរបាយការណ៍បានឲ្យដឹងថា ក្នុងចំណោមមនុស្ស១ពាន់លាននាក់មាន២/៣ កំពុងតែជួបប្រទះបញ្ហាសន្តិសុខស្បៀងក្នុងតំបន់យើងនេះ។

លោកស្រីបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ និងអោនភាពដីក៏ជាបញ្ហាសំខាន់ដែលបាននិងកំពុងជះឥទ្ធិពលជាអវិជ្ជមានយ៉ាងខ្លាំង លើវិស័យកសិកម្មទាំងមូលទាំងក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់តំបន់។
លោកស្រីបណ្ឌិតក៏បានបញ្ជាក់ផងដែរ ពីគោលនយោបាយ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ រួមមានការលុបបំបាត់ភាពក្រីក្រ ការបញ្ចប់ភាពអត់ឃ្លាន ការធានាឲ្យបាននូវសន្តិសុខស្បៀង ការលើកកម្ពស់អាហារូបត្ថម្ភ ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនិងអោនភាពដី៕