(ព្រៃវែង)៖ លោក ស្តើង សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាប្រធានស្តីទីក្រុមការងារចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានបង្កើតកម្មវិធីកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋស្រុកកំចាយមារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ន ដើម្បីបន្តភាពសម្បូរសប្បាយនេះ ឲ្យបានយូរអង្វែងតទៅមុខ។
សកម្មភាព និងកម្មវិធីកម្សាន្តសប្បាយនាឱកាសនោះ ចែកចេញជាបីធំៗ រួមមាន៖
ទី១៖ កម្មវិធីជួបសំណេះសំណាលជាមួយយុវជនចំណាកស្រុកជាង ៣០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
ទី២៖ កម្មវិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យជាង ៥០០នាក់ នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
ទី៣៖ កម្មវិធីល្បែងកម្សាន្តចំនួន ១១មុខ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តក្របៅថ្មី ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ ផងដែរ។
ក្នុងមតិសំណេះសំណាលទៅកាន់យុវជនចំណាកស្រុក លោក ស្តើង សុខុម បានលើកឡើងថា ការរក្សាបានសន្តិភាពពិតជាមានសារសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ច សហគមន៍ និងសង្គមជាតិ។ ប្រវត្តិសាស្រ្តបង្ហាញថា ប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមហែកហួរ អសន្តិសុខ ចែកតំបន់ត្រួតត្រាផ្សេងៗ គ្នាដែលពេលនោះកុំថា ឡើយរឿងជម្រើសការងារប្រាក់ខែខ្ពស់ៗ សូម្បីតែឱកាសរកការងារ ឬបង្កបង្កើនផលក៏គ្មានដែរ។
ពេលនេះប្រទេសជាតិទទួលបាននូវសន្តិភាពពេញផ្ទៃប្រទេស ដែលជាឱកាសដ៏ថ្លៃថ្លា សម្រាប់ប្រជាពលរដ្ឋខិតខំបំពេញការងារ ដើម្បីលើកស្ទួយជីវភាពគ្រួសារទាំងការងារក្នុងស្រុក ឬការងារក្រៅប្រទេស សុទ្ធតែមានឱកាសអាចធ្វើទៅបានតាមសមត្ថភាពរៀងៗខ្លួន ជាក់ស្តែងថ្ងៃនេះប្រជាពលរដ្ឋខ្លះធ្វើការនៅភ្នំពេញ ខ្លះនៅប្រទេសថៃ កូរ៉េ សិង្ហបុរីជាដើម មានលទ្ធភាព និងបានវិលមកចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារយ៉ាងសប្យាយរីករាយ នេះគឺដោយសារប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាងក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ចូលរួមធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ពង្រីកទីផ្សារថ្មី ដូចជា ជប៉ុន ចិន កូរ៉េ សហគមន៍អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យសម្រេចបានជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ មានន័យថារាជរដ្ឋភិបាលចង់ឲ្យប្រជាពលរដ្ឋមានប្រាក់ខែ ឬប្រាក់ចំណូលកាត់តែខ្ពស់កាន់តែធូរធាឡើង។
លោក ស្តើង សុខុម ក៏នាំមកនូវថវិកា អាវយឺត «កំចាយមារស្រុកកំណើតខ្ញុំ» ឧបត្ថម្ភដោយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចែកជូនគណៈអធិបតី និងយុវជនដែលបានចូលរួម ព្រមទាំងផ្តល់ជូនដល់ឃុំទាំង៨ នូវអាវយឺត និងថវិកាមួយចំនួនទៀត ដើម្បីបង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋទូទាំងស្រុកកំចាយមារផងដែរ ព្រមទាំងបានអញ្ជើញយុវជនទាំងអស់ចូលរួមលេងល្បែងប្រជាប្រិយទាំង១១មុខ មានដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ ស្តេចចង់ ខ្លែងឆាបកូនមាន់ ឡើងសរសរខ្លាញ់ វាយក្អម លោតបាវ បឺតទឹកច្រកដប ប្រឡងយាយៗស្អាត និងរាំលេងកម្សាន្តនៅវត្តក្របៅថ្មី ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងកម្មវិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយលោកយាយលោកតា ចាស់ព្រឹទ្ធាចារ្យជាង ៥០០នាក់ នៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង លោក ស្តើង សុខុម ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ក្នុងការកសាងបាននូវសន្តិភាព ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ដោយឡែក ស្រុកកំចាយមារដែលបានឆ្លងកាត់ជាច្រើនសម័យកាលមក ទើបតែពេលនេះទេ ដែលមានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។
កម្ពុជាមានផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវគ្រោះក្រហមខ្វាត់ខ្វែង ដែលអាចដឹកនាំផលិតផលទៅកាន់ទីផ្សារបានលឿន ងាយស្រួល មានមន្ទីរពេទ្យបង្អែក មានសាលារៀនតាំងពីបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ ទាំងនេះមិនមែនបានមកដោយចៃដន្យ ឬដោយគ្រាន់តែការសន្យាទេ តែជាសមិទ្ធិផលពិតៗដែលកសាងដោយរាជរដ្ឋាភិបាល ពិសេសការជួយជ្រោមជ្រែងរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ព្រមទាំងឥស្សរជនដទៃទៀត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋនៅជាមួយ និងជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដែលនេះជាឱកាសដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិត ដោយមិនមានការភ័យខ្លាច មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការគោរពប្រពៃណីជំនឿសាសនា កម្សាន្តសប្បាយគ្រប់បែបយ៉ាង។
លោកក៏បានលើកឡើងថា ចង់បានសន្តិភាព ចង់បានការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយថែមទៀត ជាពិសេសទប់ស្កាត់ការវិលត្រឡប់នៃសង្គ្រាម សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕