(រតនគិរី)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឲ្យដឹងថា នៅក្នុងកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល​០៣​ថ្ងៃ​ នៅក្នុងខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរ​ចំនួន​៧៨,០០៨​នាក់ កើនឡើង៣.៦% ក្នុងនោះមានភ្ញៀវជាតិកើនឡើង​៣.៥% ភ្ញៀវអន្តរជាតិកើនឡើង​១៥.០%​។

លោកបានបន្តថា ការកើនឡើងជារៀងរាល់ឆ្នាំ នៃចំនួនភ្ញៀវទេសចរ​នេះ ដោយសារកត្តាសុខសន្តិភាពជាចម្បង និងកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ពួកគាត់មានមធ្យោបាយធ្វើដំណើរ និងលទ្ធភាពក្នុងការចំណាយ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ងាយស្រួលក្នុងការធ្វើដំណើរ​។

ជាងនេះទៅទៀត ខេត្តរតនគិរី ​ក្រោមការដឹកនាំរបស់លោក ថង សាវុន អភិបាលខេត្ត​ ឆ្នាំកន្លងមកនេះ និងក្នុងឆ្នាំនេះតែម្តង អាជ្ញាធរខេត្តបានរៀបចំព្រឹត្តិការ​ណ៍ «សង្ក្រាន្តយក្សឡោម ខេត្តរតនគិរី» ដែលមានការរាំកម្សាន្ត ការលេងល្បែងប្រជាប្រិយ៍ខ្មែរ ការតាំងពិព័រណ៌ផលិតផលក្នុងស្រុកផ្សេង បានទាក់ទាញប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានបានចូលរួមទស្សនាលេងកម្សាន្ត​។

សូមបញ្ជាក់ថា នៅខេត្តរតនគិរី មានរមណីយដ្ឋានចំនួន១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិចំនួន​១២កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ចំនួន​២កន្លែង ហើយ​រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ចំនួន​៨កន្លែង គ្រប់គ្រងដោយសហគមន៍ជនជាតិដើមភាគតិច ដើម្បីរកចំណូលតាមរូបភាពទេសចរណ៍ រមណីយដ្ឋានទាំងនេះ រួមមាន៖ បឹងយក្សឡោម ទឹកជ្រោះកាចាញ ទឹកជ្រោះកាទៀង ទឹកជ្រោះចាអ៊ុង ទឹកជ្រោះអូរស៊ិនលែរ៍ បឹងលំកុដ ទឹកជួរតាតតៃ​ និងទឹកជួរទឹង​។