(រតនគិរី)៖ ប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៃប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី លោក ថង សាវុន អភិបាលខេត្តរតនគិរី និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ការប្រកាសឲ្យចូលកាន់តំណែងក្នុងឱកាសនោះ លោក ខាត់ សាម៉ាល់ អតីតអនុប្រធានត្រូវតែងតាំងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ជំនួសលោកស្រី ច័ន្ទ ខាំឃឿ ឡើងទៅទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា។
លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន និងលោកអភិបាលខេត្តរតនគិរី បានជំរុញឲ្យមន្ត្រីរាជការទាំងអស់ ក្នុងមន្ទីរអប់រំត្រូវមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងត្រូវបំពេញភារកិច្ចទៅតាមតួរនាទីរៀងៗខ្លួន ដើម្បីបុព្វហេតុរួមពោល គឺវិស័យអប់រំនៅកម្ពុជា ប្រកបដោយគុណភាព៕