(បាត់ដំបង)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចំនួន៧០០,០៤២នាក់ បានទៅទស្សនាកម្សាន្តនៅខេត្តបាត់ដំបង។

តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដបាត់ដំបង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តសប្បាយ នៅតាមបណ្តាគោលដៅទេសចរណ៍នានា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល០៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ មានការកើនឡើងជាងមុន។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅទស្សនានៅតាមបណ្តាគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង មានចំនួនសរុប ៧០០,០៤២នាក់ មានការកើនឡើង ១៧៤.៧៤ % បើប្រៀបធៀប ឆ្នាំ២០១៧ មានតែចំនួន ២៥៤,៤៤៦នាក់។

សម្រាប់ភ្ញៀវទេសចរជាតិមានចំនួន ៦៩៩,២១៣នាក់ មានការកើនឡើង ១៧៤.៨០% ប្រៀបធៀប ឆ្នាំ២០១៧ មានចំនួន ២៥៤,០៩៣នាក់។ ចំណែកភ្ញៀវទេសចរអន្តរជាតិ មានចំនួន៨២៩នាក់ មានការកើនឡើង ១៣៤.៨៤% ប្រៀបធៀប ឆ្នាំ២០១៧ មានចំនួន៣៥៣នាក់។

ក្នុងឱកាសបុណ្យចូលឆ្នាំចនេះដែរ ចំនួនភ្ញៀវទេសចរដែលបានចូលទស្សនាព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាលើកទី១ ក្នុងរយៈពេល០៣ថ្ងៃមាន ចំនួន ៤៩៥,០០០នាក់ផងដែរ៕