(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជា សម្រាប់សុខភាពសាធារណៈ ដែលត្រូវបានដាក់ឱ្យពិនិត្យ និងឱ្យយោបល់នៅក្នុងសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានអនុម័តគាំទ្រទាំងស្រុងហើយ ដោយសមាជិកព្រឹទ្ធសភា៤៧រូប។
កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅព្រឹកនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកចូលរួមចំនួន៤៨រូប។ ក្នុងនោះមានរបៀបវារៈតែមួយប៉ុណ្ណោះ ដែលត្រូវពិភាក្សា និងអនុម័ត គឺការពិនិត្យ និងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជា សម្រាប់សុខភាពសាធារណៈ។
សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈមានគោលបំណងលើកកម្ពស់ សិទ្ធិទទួលបាននូវផលិតផលឱសថ សម្រាប់សុខភាពសាធារណៈ តាមរយៈការផ្តល់អាជ្ញាបណ្ណបញ្ជាឲ្យផលិតនាំចេញ និងនាំចូលនូវផលិតផលឱសថក្នុងកាលៈទេសៈប្រទេសជាតិមានអាសន្ន ឬកាលៈទេសៈបន្ទាន់ផ្សេងទៀត ឬប្រើប្រាស់ជាសាធារណៈមិនមានលក្ខណៈពាណិជ្ជកម្ម ឬស្ថានភាពសុខភាពសាធារណៈផ្សេងទៀត ដែលកំណត់ដោយក្រសួងសុខាភិបាល។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៥ជំពូក និងមាន២៤មាត្រាត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥៕