(វ៉ាស៊ីនតោន)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើការចុះចតយ៉ាងទាន់ហន់នៅឯទីក្រុង ហ្វីឡាឌែឡព្យ៉ា (Philadelphia) កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពីម៉ាស៊ីនមួយគ្រឿងរបស់វា បានទទួលរងការខូចខាតនៅពាក់កណ្តាលផ្លូវហោះហើរ ដែលជាហេតុបានបណ្តាលឲ្យអ្នកដំណើរជាង ១០០នាក់ មានភាពភ័យរន្ធត់ជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
យន្តហោះខាងលើ គឺជាប្រភេទ Boeing 737-700 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Southwest Airlines ដោយបានកំពុងស្ថិតក្នុងការហោះហើរ ចាកចេញពីទីក្រុងញូយ៉ក នៅពេលបានជួបប្រទះបញ្ហាគ្រឿងម៉ាស៊ីន។ ជាសំណាងល្អ យន្តហោះនេះបានធ្វើការចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង Philadelphia ដោយសុវត្ថិភាព ក៏ប៉ុន្តែមនុស្សយ៉ាងតិចម្នាក់នៅលើយន្តហោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែបានរងរបួស និងមិនដឹងមកពីមូលហេតុអ្វីឲ្យប្រាកដឡើយ។
គួរជម្រាបថា បើតាមសេចក្តីថ្លែងការណ៍របស់អាកាសចរណ៍ Southwest Airlines អ្នកដំណើររបស់យន្តហោះខាងលើ មានសរុបចំនួន ១៤៣នាក់ និងសហសេវិកចំនួន ០៥នាក់។ រូបភាពដែលគេចែកចាយលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញឲ្យឃើញថា ម៉ាស៊ីនចំហៀងខាងឆ្វេងរបស់យន្តហោះ បានរងការខូចខាតជាខ្លាំង ហើយបើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកអាមេរិក ការខូចខាតនេះ គឺបង្កឡើងដោយការផ្ទុះ៕