(ភ្នំពេញ)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា ដោយសារកត្តាសន្តិភាព ស្ថិរភាពពេញលេញ បានធ្វើឲ្យកម្ពុជាកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ធំបំផុតមួយនៅអាស៊ី ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ត្រូវខិតខំថែរក្សាសន្តិភាពនេះឲ្យខាងតែបាន។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ឆ្នាំថ្មីបានចូលមកដល់៤ថ្ងៃហើយ ជាមួយនឹងសិរីសួស្តីសម្រាប់ប្រទេសជាតិ និងសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សង្រ្កាន្តអង្គរឆ្នាំថ្មីកន្លងទៅនេះ គឺបានទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនថាតែនៅខេត្តសៀមរាប-អង្គរទេ សូម្បីនៅតាមតំបន់សមុទ្រក៏មានភ្ញៀវទេសចរច្រើនដែរ។ ទន្ទឹមនឹងនេះ ក៏មានប្រជាពលរដ្ឋមួយចំនួនបានចេញទៅកម្សាន្តក្រៅប្រទេស ស្របពេលដែលសេវាដឹកជញ្ជូនតាមយន្តហោះកំពុងប្រកួតប្រជែង និងកើនឡើងជាបន្តបន្ទាប់នៅកម្ពុជា។ រីឯតម្លៃសំបុត្រយន្តហោះសព្វថ្ងៃបានធ្លាក់ចុះទាប ដែលប្រជាពលរដ្ឋអាចធ្វើដំណើរទៅទេសចរណ៍នៅក្រៅប្រទេសបានយ៉ាងងាយស្រួល។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តយ៉ាងដូច្នេះថា «កម្ពុជាពេលនេះ ក៏កំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ធំបំផុតមួយនៅអាស៊ីផងដែរ។ បងប្អូនជនរួមជាតិកំពុងរស់នៅសុខសាន្ត ស្របពេលដែលប្រទេសជាតិយើង កំពុងរីកចម្រើនបោះជំហានទៅមុខ គឺដោយសារយើងមានសន្តិភាពពេញលេញអស់រយៈពេលជាង២០ឆ្នាំមកហើយ។ យើងមិនត្រូវឲ្យសន្តិភាពរបូតចេញពីដៃបានឲ្យសោះ ទោះបីដោយតម្លៃណាក៏ដោយ»។
សម្ដេចក៏បានលើកឡើងថា ថ្ងៃទី១៨ មេសានេះ ក៏ជាថ្ងៃចុងក្រោយ ដែលប្រជាពលរដ្ឋ និងកម្មករអាចជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញដោយមិនបង់ថ្លៃ ក្នុងការធ្វើដំណើរវិលត្រឡប់មកកាន់គេហដ្ឋានវិញ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏បានជូនពរដល់ប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្តទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពតាមផ្លូវគ្រប់ៗគ្នា៕