(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥២,៧៨៧នាក់ កើនឡើង២០.៨៩%។ នេះបើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
លោកអភិបាលខេត្ត បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កន្លងទៅថ្មីៗនេះ ខេត្តព្រះវិហារ បានរៀបចំយ៉ាងស្រស់ស្អាតនូវកម្មវិធីកម្សាន្តសម្បូរបែប តាមរមណីយដ្ឋានទេសចរណ៍ផ្សេងៗ ពិសេសបានរៀបចំកម្មវិធីព្រះវិហារមហាសង្រ្កាន្តស្រុកសង្គមថ្មី នៅស្រុកសង្គមថ្មី ដែលមានសិល្បករ-សិល្បការិនី ៧០នាក់ ទៅពីរាជធានីភ្នំពេញ សម្ដែងជូនប្រជាពលរដ្ឋទស្សនា រយៈពេល៣ថ្ងៃ។
លោកបន្តថា ដោយសារតែការរៀបចំបានយ៉ាងស្រស់ស្អាត និងអធឹកអធ័មបែបនេះហើយ ទើបខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងលើសឆ្នាំ២០១៧ កន្លងទៅ។
លោកបានបញ្ជាក់ថា តំបន់ទេសចរណ៍ដែលភ្ញៀវទេសចរតែងទៅកម្សានច្រើនជាងគេនោះ រួមមាន៖ ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍ ប្រាសាទព្រះខ័ន្ត ទឹកធ្លាក់ព្រះនិម្មិត្តជាដើម។
ជាមួយគ្នានេះ លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាននានា ដែលបានខិតខំរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៣ថ្ងៃនេះ៕