(កណ្ដាល)​៖ លោក ​គឹម​ រ័ត្ន​ណារិន​ អនុប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ជា​ចៅក្រម​ស៊ើបសួរ​ នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០១៨​ សម្រេច​ឃុំ​ខ្លួន​កូន​ប្រុស​ដែល​កាប់​ម្តាយ​ស្លាប់​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្ត​ទៀត​។

មន្ត្រី​តុលាការ​ថ្លែង​ថា​ ជនល្មើស​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ «​ឃាតកម្ម» ​តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​។

ជនត្រូវចោទ​ ឈ្មោះ​ ស៊ីម ជីប ហៅមាំង អាយុ៣២ឆ្នាំ រស់នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុក​អង្គស្នូល​។

គួររំលឹកថា​ ជនល្មើស​ឈ្មោះ ស៊ីម ជីប ហៅមាំង ត្រូវបានកម្លាំង​សមត្ថកិច្ច​ខេត្តពោធិ៍សាត់ឃាត់ខ្លួនប្រគល់​ឱ្យ​ នគរបាលខេត្តកណ្ដាល​ បន្ទាប់​ពី​មាន​ហេតុការណ៍​ផ្ទុះ​អំពើ​ហិង្សា​ក្នុងគ្រួសារមួយ​ កាលពី​យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។

ឈ្មោះ ស៊ីម ជីប ហៅមាំង បានឈ្លោះប្រកែកគ្នា​ ហើយឈានដល់ប្រតាយប្រតប់គ្នាជាមួយឪពុកបង្កើតឈ្មោះ ទឹម ស៊ីម អាយុ៥៤ឆ្នាំ ដោយបានប្រើប្រាស់​ដំបងជាអាវុធ។ ឃើញដូច្នេះ​ មាន​អ្នក​ចូល​ជួយ​ឃាត់​ រួចជនល្មើស​រត់គេច​ខ្លួន​។

មួយសន្ទុះក្រោយមកជនសង្ស័យបានត្រឡប់មកវិញ ដោយមានកាន់កាំបិតផ្គាក់នៅក្នុងដៃផង បានស្ទុះទៅកាប់ម្ដាយឈ្មោះ ម៉េត អុល អាយុ៥៣ឆ្នាំ ដែលកំពុងឈរនៅមុខផ្ទះមេភូមិបណ្ដាលឱ្យរបួស រហូត​ដល់​ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ រួចរត់គេចខ្លួនបាត់រហូត​ដល់ថ្ងៃចាប់ខ្លួនតែម្ដង៕