(ពោធិ៍សាត់)៖ នៅចំពោះមុខអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់ជិត ១ពាន់នាក់ ដែលសុទ្ធសឹងជាអ្នកបានពលីកម្មយ៉ាងអង់អាចលើសមរភូមិដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជានោះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែចងចាំជានិច្ចនូវវរភាពដ៏អង់អាចរបស់បងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងកិច្ចសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជននោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានតម្កល់សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនជាប់ក្នុងក្រអៅបេះដូងជានិច្ច។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ព្រោះតែស្មារតីគិតគូរ និងការខ្វល់ខ្វាយរបស់សម្តេចទាំងពីរនេះហើយ ទើបសម្តេចបានបញ្ជារូបលោកឲ្យចុះជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជននៅទូទាំង២៥រាជធានី ខេត្ត ហើយត្រូវដោះស្រាយឲ្យទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពចំពោះបងប្អូនអតីតយុទ្ធជន។
«សម្តេចទាំងពីរលោកមិនដែលភ្លេចបងប្អូនអតីតយុទ្ធជនរបស់យើងនោះឡើយ សុខទុក្ខរបស់បងប្អូន គឺស្ថិតនៅជាមួយសម្តេចជានិច្ច។ សម្តេចតែងតែក្រើនរំលឹកខ្ញុំឲ្យចុះមកជាប់ជាប្រចាំជាមួយបងប្អូន ហើយត្រូវដោះស្រាយនូវរាល់ការខ្វះខាត និងទុក្ខលំបាករបស់បងប្អូន។ និយាយជារួមមក គឺការលះបង់របស់បងប្អូនសម្រាប់ជាតិមាតុភូមិរបស់យើងសម្តេចលោកនៅតែចង់ចាំជានិច្ច»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់បន្ថែម។
ក្នុងឱកាសសំណេះសំណាលជាមួយអតីតយុទ្ធជននោះ នាយឧត្តមសេនីយ គន់ គីម បានសំណូមពរឲ្យគណៈកម្មាធិការសមាគមខេត្តពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដី ខេត្ត ពង្រឹងវិធានការ ថែរក្សា និងគ្រប់គ្រង ដីបម្រុងទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ចរបស់រដ្ឋ ដែលមានលើ២ទីតាំងនៃខេត្តគោលដៅនេះឲ្យបានម៉ឺងម៉ាត់ សម្រាប់រៀបចំជាតំបន់ អភិវឌ្ឍន៍អតីតយុទ្ធជន និងរៀបចំបែងចែកជូនសមាជិកសមាគម ដែលខ្វះខាតពិតប្រាកដ ដើម្បីបានអាស្រ័យផល។
សូមបញ្ជាក់ថា តាមរយៈនៃការធ្វើបច្ចុប្បន្នភាព កន្លងមកក្នុងខេត្តពោធិ៍សាត់នេះ មានអតីតយុទ្ធជនទ័លលំបាក ៤១១គ្រួសារ ក្រីក្រ ១៩១គ្រួសារ មានដីមានផ្ទះមិនសមរម្យ ៣៣គ្រួសារ អ្នកអត់ដីអត់ផ្ទះ ១៤៦គ្រួសារ និងរស់នៅលើដីសាធារណៈ ១២ គ្រួសារ៕