(ភ្នំពេញ)៖ ទោះបីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងផុតទៅយ៉ាងណាក្ដីក៏ប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ នៅតែបន្តដំណើរកម្សាន្តរបស់ខ្លួនយ៉ាងមមាញឹកដដែល ខណៈនៅតាមរមណីយដ្ឋានទេសចរណ៍នានាសឹងទូទាំងប្រទេស នៅតែមានវត្តមានភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងនៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ។
លោក ថោង ខុន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងនោះមាន រមណីយដ្ឋានទឹកជួរកាំពី ខេត្តក្រចេះ រហូតមកដល់ម៉ោងនេះក៏នៅតែមានភ្ញៀវចូលកម្សាន្តជាង៥ពាន់នាក់ និងសហគមន៍អេកូទេសចរណ៍កោះទ្រង់ មានភ្ញៀវចូលកម្សាន្តជាង ៣ពាន់នាក់ផងដែរ។
លោករដ្ឋមន្ត្រីបន្តថា ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី នៅថ្ងៃនេះនៅតែមានទេសចរទៅជាបន្តបន្ទាប់។ ក្រៅពីនេះភ្ញៀវទេសចរជាតិនៅតែបន្តទៅកម្សាន្តលេងនៅរមណីយដ្ឋាន បារាយណ៍អណ្ដែត ខេត្តព្រៃវែង និងខេត្តពោធិ៍សាត់ ព្រមទាំងតាមបណ្តាខេត្តមួយចំនួនទៀត។ លោក ថោង ខុន បានបញ្ជាក់ទៀតថា កន្លែងទេសចរណ៍ជាច្រើនទៀត ក៏តែមានភ្ញៀវទេសចរ យ៉ាងកកកុញដដែល ទោះបីបុណ្យចូលឆ្នាំថ្មី បានកន្លងផុតទៅយ៉ាងណាក្ដី។
លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជារបស់យើងមានរមណីយដ្ឋានល្អៗស្រស់ស្អាតជាច្រើនកន្លែងណាស់ ដែលគួរចង់គយគន់ទស្សនាមិនចាញ់ស្រុកគេឡើយ។ លោករដ្ឋមន្រ្តីក៏លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ គួរធ្វើដំណើរកម្សាន្តក្នុងប្រទេសឲ្យបានច្រើនដើម្បីស្គាល់និងដឹងពីភាពអស្ចារ្យនៃរមណីយដ្ឋានរបស់ខ្មែរយើង៕