(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ នៅកម្ពុជាមានអគ្គិភ័យកើតឡើងចំនួន១៤លើក ដែលកើនឡើងចំនួន៤លើក បើធៀបនឹងរយៈពេលដូចគ្នាអំឡុងបុណ្យចូលឆ្នាំថ្មី កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ របស់ក្រសួងមហាផ្ទៃ។
របាយការណ៍បានឱ្យដឹងថា អគ្គិភ័យទាំង១៤លើកខាងលើនេះ បានកើតឡើងននៅក្នុងបាត់ដំបង១លើក សៀមរាប១លើក ព្រៃវែង១លើក កណ្តាល៤លើក ភ្នំពេញ១លើក ព្រះវិហារ២លើក កំពង់ឆ្នាំង១លើក ពោធិសាត់១លើក ក្រចេះ១លើក និងខេត្តកំពង់ចាម១លើក។
ចំពោះទំហំខូចខាតវិញមានដូចជា ឆេះផ្ទះ១២ខ្នង បន្ទប់ដាក់សម្ភារ១ រថយន្ត២គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង រួមទាំងសម្ភារៈផ្សេងៗទៀតផងដែរ។
បើតាមអង្គភាពជំនាញ អគ្គិភ័យទាំង១៤លើក នៅទូទាំងប្រទេសកម្ពុជា អំឡុងបុណ្យចូលឆ្នាំថ្មីនេះ បានកើតឡើងដោយសារតែឆ្លងចរន្តអគ្គិសនី៦លើក ដុតភ្លើងទៀនធូប១លើក ដុតខ្លួនឯង២លើក រថយន្តក្រឡាប់ខ្លួនឯងកណ្តាលអាធ្រាត្រ១លើក ក្មេងដុតទៀនលេខ១លើក៕