(ភ្នំពេញ)៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ បានចំអកថា មេចលនាសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងបន្តបរាជ័យជាថ្មីម្តង ក្នុងការបញ្ចូលដល់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងបា៉រីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។
លោក សុខ ឥសាន បានលើកឡើងតាមរយៈបណ្តាញសង្គម Telegram យ៉ាងដូច្នេះថា៖ «ទណ្ឌិត សម រង្សី និងបក្សពួកបានចាកចេញពីជប៉ុន តាមការដេញរបស់តំណាងរាស្ត្របក្សកាន់អំណាចជប៉ុន ហេីយ ។ ឥឡូវរត់ដល់ប្រទេសឥណ្ឌូណេសុីហេីយ ដោយសង្ឃឹមថា ចាក់រុកសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានផល។ តែឥណ្ឌូណេសុី មិនគិតដូចទណ្ឌិតសម រង្សីឡេីយ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានដេីរតាមស្មារតីកិច្ចព្រមព្រៀងរួចហេីយ។ ដូច្នេះ ខ្សុយទៀតហេីយទណ្ឌិតអេីយ អស់សង្ឃឹមទៀតហេីយ»។
លោក សម រង្ស៊ី នៅរយៈពេល១សប្តាហ៍នេះ បានខ្នះខ្នែងស្វែងរកអន្តរាគមន៍ពីប្រទេសមួយចំនួន ដើម្បីឱ្យដោះស្រាយបញ្ហារបស់ អតីតគណបក្សប្រឆាំង ដែលតុលាការកំពូលកាត់ទោសរំលាយ ដោយសារតែប្រព្រឹត្តអំពើក្បត់ជាតិ។ ក្រៅពីប្រទេសជប៉ុន លោកសម រង្ស៊ី និងមេដឹកនាំចលនាសង្រ្គោះជាតិមួយចំនួន បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីស្នើឱ្យមានកិច្ចអន្តរាគមន៍។
លោកសម រង្ស៊ី បានទៅដល់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ដោយអះអាងថា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីថា កម្ពុជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារគ្មានវត្តមានគណបក្សប្រឆាំង។ ទោះជាយ៉ាងនេះក្តី រហូតដល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយ អំពីភាគីឥណ្ឌូនេស៊ី ចំពោះការស្នើអន្តរាគមន៍របស់លោក សម រង្ស៊ី នៅឡើយទេ៕