(ស្វីស)៖ នាឱកាសចូលរួមក្នុងព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាជាមួយតំណាងប្រទេស និងដៃគូអន្តរជាតិមួយចំនួន ក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្ម តាមអេឡិចត្រូនិចនៅកម្ពុជា។
សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិចនេះ ជាការរៀបចំដោយសន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD)។
ក្នុងថ្ងៃទីមួយនៃព្រឹត្តិការណ៍នេះ ចំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រីបានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្ដីពី ការប្រែក្លាយពីការវិភាគលើការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិច មកជាសកម្មភាព (e-Trade Readiness Assessments in LDC: from Recommendations to Actions) ដែលរៀបចំដោយ UNCTAD។ នៅក្នុងបទអន្តរាគមន៍របស់លោករដ្ឋមន្ត្រី បានឲ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ សម្រាប់ធ្វើការវិភាគការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិច ក្រោមការឧបត្ថមរបស់ UNCTAD។ ឯកសារវិភាគនេះមានសារសំខាន់ ដោយបានចង្អុលបង្ហាញភាពខ្វះខាត និងបង្កើតជាផែនទីបង្ហាញផ្លូវមួយ ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមអេឡិចត្រូនិចនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា ដូចជាការធ្វើពាណិជ្ជកម្មទូទៅអញ្ចឹងដែរ ពាណិជ្ជកម្មតាមអេឡិចត្រូនិចក៏មានលក្ខណៈជាបញ្ហាអន្តរវិស័យ ដោយទាមទារឲ្យមានការសម្របសម្រួលជាមួយគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសការអភិវឌ្ឍឲ្យដើរតាមគន្លងតែមួយ ឈានទៅរកការសម្រេចបាននូវគោលដៅរួម។
លោកបន្តទៀតថា ឯកសារវិភាគបានត្រួសត្រាយផ្លូវរួចហើយ អ្វីដែលជាជំហានបន្ទាប់ គឺត្រូវរៀបចំយុទ្ធសាស្ត្រ និងផែនការអនុវត្ត ដើម្បីជំរុញឲ្យមានការអភិវឌ្ឍលើវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិច។
នៅក្នុងន័យនេះ លោករដ្ឋមន្ត្រីបានលើកឡើងចំណុចធំៗចំនួន៣ ដូចខាងក្រោម៖
១៖ ពង្រឹងការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នដទៃទៀត ដើម្បីរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍពាណិជ្ជកម្មតាមអេឡិចត្រូនិចមួយ ដែលស៊ីជម្រៅ និងបរិយាប័ន្ន ដែលចង្អុលបង្ហាញលម្អិតពីផ្នែកអាទិភាព ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេវាដឹកជញ្ជូន កសាងការជឿជាក់ ការការពារអ្នកប្រើប្រាស់ជាដើម ព្រមទាំងបង្កើតឲ្យមានយន្តការដ៏មានប្រសិទ្ធភាពមួយ សម្រាប់ដឹកនាំតម្រង់ទិស តាមដានការអនុវត្ត និងកៀរគរជំនួយផងដែរ។ ពាក់ព័ន្ធការងារនេះ លោករដ្ឋមន្ត្រីបានអំពាវនាវរកការគាំទ្រពីសហគមន៍អ្នកផ្ដល់ជំនួយ ដើម្បីរៀបចំយុទ្ធសាស្ត្រខាងលើ។
២៖ រដ្ឋាភិបាលគាំទ្រដល់វិស័យឯកជនឲ្យដើរតួនាំមុខ ក្នុងការជួយដល់អ្នកដែលមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច (startup support for e-Commerce innovators)។
៣៖ ដៃគូអភិវឌ្ឍន៍បន្តគាំទ្រកម្ពុជា ដើម្បីស្វែងយល់បន្ថែមឲ្យបានជាក់លាក់ អំពីផលប៉ះពាល់នៃបដិវត្តឌីជីថល ដើម្បីបន្តជួយដល់ការអភិវឌ្ឍនៃវិស័យឯកជន និងរៀបចំកម្មវិធីអភិវឌ្ឍដោយចីរភាព ដើម្បីគាំទ្រវិស័យនេះទាំងមូល។
ក្រោយពីបញ្ចប់វគ្គខាងលើ លោករដ្ឋមន្ត្រីក៏បានចូលរួមជាវាគ្មិននៅក្នុងវគ្គពិភាក្សាមួយទៀតស្ដីពី «ពាណិជ្ជកម្មឌីជីថល និងការអភិវឌ្ឍ (Digital Trade as if Development Mattered)» ក្រោមការរៀបចំដោយធនាគារពិភពលោក និងរដ្ឋាភិបាលជប៉ុន។
ឆ្លើយតបទៅនឹងសំណួរអំពីការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលរួមនៅក្នុងសេចក្ដីថ្លែងការណ៍រួមស្ដីពី ពាណិជ្ជកម្មតាមអេឡិចត្រូនិច ដែលបានប្រកាសនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១ របស់អង្គការពាណិជ្ជកម្មពិភពលោក នៅប្រទេសអាហ្សង់ទីន កាលពីចុងឆ្នាំ២០១៧ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ការសម្រេចចិត្តបែបនេះ គឺដោយសារតែកម្ពុជាមិនចង់ក្លាយជាប្រទេសមួយចាំតែអនុវត្តច្បាប់នោះទេ តែកម្ពុជាចង់ចូលរួមយោបល់ឲ្យបានពេញលេញជាអ្នកបង្កើតច្បាប់ ដើម្បីទាញយកផលប្រយោជន៍ និងបំពេញបន្ថែមតម្រូវការជាក់ស្ដែងរបស់កម្ពុជា។
នៅក្នុងសន្និសីទកំពូលនោះដែរ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិចនេះ ហើយកម្ពុជាត្រូវប្រឹងប្រែងទាញយកថវិកានោះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតបរិយាកាសជំរុញ និងអនុវត្តការងារអាទិភាពដទៃទៀត សម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្មតាមអេឡិចត្រូនិច។
កិច្ចប្រជុំចុងក្រោយនៅក្នុងថ្ងៃទីមួយ នៃព្រឹត្តិការណ៍នេះ លោករដ្ឋមន្ត្រីបានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក មូគីសា គីទូយី អគ្គលេខាធិការនៃសន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍។ នៅក្នុងការជួបប្រជុំនេះ លោករដ្ឋមន្ត្រីបានស្នើសុំឲ្យ UNCTAD ជួយលើការងារអាទិភាពមួយចំនួន ដោយយោងលើឯកទេសរបស់ UNCTAD ក្នុងការងារនេះ។
ការងារទាំងនោះ រួមមាន៖
១៖ គាំទ្រដល់ការបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មតាមអេឡិចត្រូនិច ដែលជាជំហានបន្ទាប់សម្រាប់ជំរុញការអភិវឌ្ឍក្នុងវិស័យនេះ។
២៖ គាំទ្រដល់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពី ពាណិជ្ជកម្មតាមអេឡិចត្រូនិច ច្បាប់ប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់។
៣៖ ជួយក្នុងការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ប្រភេទ C និងការបណ្ដុះបណ្ដាលសមត្ថភាពបន្ថែម។
៤៖ ស្នើ UNCTAD ឲ្យជួយធាតុចូលស្ដីពី ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមអេឡិចត្រូនិច នៅក្នុងការធ្វើបច្ចុប្បន្នភាព នូវឯកសារវិភាគសមាហរណកម្មពាណិជ្ចកម្មកម្ពុជា ២០១៩-២០២៣។
ជាកិច្ចឆ្លើយតប លោក គីទូយី នឹងសន្យាបញ្ជូនជំនាញការ ដើម្បីពិភាក្សាការងារលម្អិតជាមួយក្រសួងពាណិជ្ជកម្ម នៅពេលក្រោយ។
សូមបញ្ជាក់ថា សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច គឺប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ នៃប្រទេសជាសមាជិក ធុរជនជាន់ខ្ពស់មកពីវិស័យឯកជន អង្គការអន្តរជាតិ ធនាគារអភិវឌ្ឍន៍ និងសង្គមស៊ីវិលផងដែរ។
សម្រាប់ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍នេះ សូមចូលទៅកាន់គេហទំព័រដូចខាងក្រោម៖
គេហទំព័រសប្ដាហ៍ស្ដីពី ពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)៖ http://unctad.org/en/conferences/e-week2018/Pages/default.aspx
សំឡេងបទអន្តរាគមន៍របស់លោករដ្ឋមន្ត្រី៖ https://conf.unog.ch/digitalrecordings/index.html?guid=public/60.0010/69C4A050-589E-4F3B-865B-20DF15F76939_10h16&position=3086
របាយការណ៍វិភាគការត្រៀមខ្លួនរបស់កម្ពុជា៖ http://unctad.org/meetings/en/SessionalDocuments/dtlstict2017d2_en.pdf ៕