(ភ្នំពេញ)៖ នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច ឆ្នាំ២០១៨ដ៏ប្រពៃថ្លៃថ្លាឆ្នាំនេះ យើងឃើញមន្រ្ដីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក៏ដូចសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំសង្រ្កាន្ដតាមខេត្ដនីមួយៗ នៅទូទំាងប្រទេសដើម្បីបង្ហាញអំពីឧត្ដមភាពសេដ្ឋកិច្ច ប្រពៃណី វប្បធម៌ដ៏ថ្កុំថ្កើនជាតិយើងទៅដល់ មតិជាតិ និងអន្ដរជាតិ។ ជាពិសេសខេត្ដសៀមរាបបានរៀបចំអង្គរសង្រ្កាន្ដ ដោយតំាងបង្ហាញរូបហនុមាន ក្នុងគោលបំណងផ្សាយអំពីឧត្ដមភាពប្រពៃណីវប្បធម៌ដ៏រុងរឿងខ្មែរយើង ទៅកាន់ពិភពលោក។ តើហនុមានមានន័យយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយអំពីតួអង្គហនុមាន ដូចដែលយើងឃើញសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំតំាងបង្ហាញ យ៉ាងធំសម្បើមអស្ចារ្យក្នុងអង្គរសង្រ្កាន្ដឆ្នាំថ្មីនេះ គឺរឿងប្រពៃថ្លៃថ្លាណាស់។ ពីព្រោះហនុមាន គឺជាតួអង្គទេវៈដ៏អស្ចារ្យមួយក្នុងរឿងរាមកេរ្ដិ៍។ បានសេចក្ដីថារឿងរាមកេរ្ដិ៍នេះ គឺជារឿងប្រវត្ដិសាស្រ្ដដ៏ចំណាស់មួយក្នុងសង្គមខ្មែរយើងផងដែរ បន្ទាប់ពីសាសនាធំៗពីរគឺ ព្រហ្មញ្ញាសាសនា និងព្រះពុទ្ធសាសនា។
ស្ថិតក្នុងន័យនេះបើនិយាយពីប្រព័ន្ធជំនឿខ្មែរ ចំពោះការលើកយកសិល្បៈចេញពីរឿងរាមកេរ្ដិ៍ ជាអាទិ៍៖ ល្ខោនខោល ស្បែកធំ ល្ខោនព្រះរាជទ្រព្យ ពិសេសសូម្បីក្បាច់គុនខ្មែរ ដែលជាក្បាច់គុនការពារជាតិដ៏ខ្លំាងពូកែតំាងពីសម័យបុរាណរៀងមក មកបង្ហាញគឺដើម្បីផ្ដល់នូវមង្គលសិរីសួស្ដីដល់ជាតិ មាតុភូមិ។ បើដូចនេះចំពោះការយករូបហនុមាន មកតំាងបង្ហាញក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់ ដូចយើងទំាងអស់គ្នាឃើញពេលនេះ គឺមានន័យ «ជាការសុំពរជ័យ សិរីសួស្ដីដល់ជាតិមាតុភូមិ» ដើម្បីយើងរស់ក្នុងសុខសន្ដិភាពដូចសព្វថ្ងៃនេះឯង។
លោក រត្ន័ សណ្ដាប់ បន្ដថាបើនិយាយបុព្វបុរសខ្មែរយើងដែលឲ្យតម្លៃក្បាច់គុនខ្មែរយើងលើហនុមាននេះ ពីព្រោះហនុមានជាបុត្រព្រះពាយជានិមិត្ដរូបល្បឿន និងកម្លំាងហើយ ក៏ជានិមិត្ដរូបនៃភាពជោគជ័យក្នុងក្បួនប្រយុទ្ធសង្រ្គាមនៃអារ្យធម៌ខ្មែរផងដែរ។ ដូច្នេះហើយ ទើបនិមិត្ដសញ្ញាសព្វថ្ងៃនៃកងខេមរភូមិខ្មែរយើង ក៏ដូចជាការដាក់ឈ្មោះទូក ប្រណំាងខ្មែរទូក-ង ទូកមួងដែលជាទូកចម្បំាងកងទ័ពជើងទឹកខ្មែរ កាលពីសម័យអាណាចក្រអង្គរ គឺមានឈ្មោះនិងនិមិត្ដសញ្ញា «ហនុមាន» នេះឯង៕