(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាបចំនួន ៣៣៨នាក់ ដើម្បីស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលអស់រយៈពេល៦ខែ។
ការប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៤ និងថ្នាក់តំបន់សៀមរាប ជំនាន់ទី២៥ អមដោយពិធីប្រគល់វិញ្ញាបនបត្រមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប ជំនាន់ទី២៤ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមប្រមាណ ៤០០នាក់។
លោករដ្ឋមន្រ្តីបានកោតសសើរដល់សិក្ខាកាមជ័យលាភី ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៦ខែ ក្នុងនោះមានផ្នែកទ្រឹស្តី រយៈពេល៤ខែ និងចុះកម្មសិក្សាស្រាវជ្រាវ រយៈពេល២ខែ ហើយបានឆ្លងកាត់ការប្រឡងវាយតម្លៃលទ្ធផលនៃការសិក្សាជាប្រចាំផងដែរ។
លោករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សិក្ខាកាមដែលទទួលបានវិញ្ញាបនបត្រ នាថ្ងៃនេះ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍ ដើម្បីអាចប្រកបវិជ្ជាជីវៈរបស់ខ្លួនស្របច្បាប់។
លោកបានគូសបញ្ជាក់ថា កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ហើយទាំងនេះបានមកពីសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចនេះប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ត្រូវចូលរួមរក្សាសុខសន្តិភាពឲ្យស្ថិតស្ថេរ ដើម្បីភាពរីកចម្រើននៃវិស័យទេសចរណ៍ ក៏ដូចជាអាជីពការងារផ្ទាល់ខ្លួន។
លោក ថោង ខុន ក៏បានផ្តាំផ្ញើដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវលើកកម្ពស់កិត្យានុភាពជាតិ ពន្យល់បកស្រាយអំពីវប្បធម៌ អរិយធម៌ជាតិ សច្ចធម៌ប្រវត្តិសាស្រ្តកម្ពុជា ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ហើយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពី ទេសចរណ៍ អនុក្រឹត្យស្តីពី មគ្គុទ្ទេសក៍ទេសចរណ៍ ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ។
បច្ចុប្បន្ន ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ជាអាទិភាពដល់ការបណ្តុះបណ្តាលជំនាញ និងបង្កើតការងារជូនយុវជនកម្ពុជា សំដៅឆ្លើយតបនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លា។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥.៦លាននាក់ ក្នុងកំណើន ១១.៨% នាំចំណូលចូលជាតិប្រមាណ ៣,៦៣៨លានដុល្លារ ស្មើនឹង១៣% នៃផលិតផលក្នុងស្រុកសរុប និងបានបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ ក្នុងនោះមគ្គុទ្ទេសក៍ទេសចរណ៍មានជាង ៥ពាន់នាក់។
ជាចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នាំចំណូលចូលជាតិប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ជិត ១លាននាក់ ក្នុងនោះតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍មានប្រមាណជាង ១ម៉ឺននាក់៕