(ភ្នំពេញ)៖ របាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍ ដែលផ្តល់ជូនបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញថា អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៥លាននាក់ បានដើរកម្សាន្ត ទៅកាន់តំបន់ទេសចរនានា។
របាយការណ៍ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ ដើរកំសាន្តទូទាំងប្រទេស នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ (បូកជាមួយនឹង អង្គរសង្រ្កាន្ត ខេត្តសៀមរាប) ទទួលបានដូចតទៅ៖
* អង្គរសង្ក្រាន្ត ថ្ងៃទី១៣-១៦ មេសា ឆ្នាំ២០១៨៖ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ១.៨២លាននាក់ បានចូលរួមទស្សនាកម្សាន្ត ស្ថិតក្នុងកំណើន ១៥.១៤% ជាមួយនឹងការទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់បន្ថែមទៀតលើសពីឆ្នាំ២០១៧ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង ១.៧៨លាននាក់ កើន១៥.១៦% បើប្រៀបធៀបឆ្នាំ២០១៧។ ភ្ញៀវអន្តរជាតិចំនួន ៣៦,៦៩៤នាក់ កើន១៤.២៥% ប្រៀបធៀបឆ្នាំ២០១៧
* ភ្ញៀវទេសចរដើរកំសាន្ត ពេលចូលឆ្នាំនៅ២៤ ខេត្ត/ក្រុងទៀត ក្នុងរយៈពេល០៣ថ្ងៃទី (ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨) មានចំនួន៖
- ភ្ញៀវជាតិមានចំនួន ៥,១១២,៩៦៩ នាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០១៧ មានចំនួន ៤,១៣៥,៤៥៦
- ភ្ញៀវអន្តរជាតិមានចំនួន ៨៨,១៩១ នាក់ កើនឡើង ៣៣.៣៧% ធៀបនឹងឆ្នាំ២០១៧ មានចំនួន៦៦,០១១។
សរុបភ្ញៀវទេសចរ អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រួមទាំងអង្គសង្ក្រាន្តសៀមរាបផងនោះ មានចំនួន ៥,២០១,១៦០នាក់ កើនឡើង២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ៤,២០១,៤៧៦ នាក់៕