(រតនគិរី)៖ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ មានភ្ញៀវទេសចរជាតិចំនួន ៧៩,៦៦៤នាក់ និងភ្ញៀវអន្តរជាតិចំនួន ៧១៧នាក់ (សរុបចំនួន ៨០,៣៨១នាក់) បានទៅទស្សនាកម្សាន្តនៅតាមរមណីដ្ឋាននានា ក្នុងខេត្តរតនគិរី។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ លោកបានណែនាំដល់មន្ត្រីឲ្យចុះជូនដំណឹងតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននានា មិនឲ្យមានដំឡើងថ្លៃនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានខ្លះ លួចដំឡើងថ្លៃខុសពីថ្ងៃធម្មតាបន្តិចបន្តួចដែរ។
ដោយឡែក ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ គ្រោះថ្នាក់ចរាចរណ៍ គឺមិនមានបញ្ហាកើតឡើងអ្វីនោះទេ ពោលគឺកម្លាំងនគរបាល កងរាជអាវុធហត្ថគ្រប់គ្រងស្ថានការណ៍បាន ១០០% ទាំងការធ្វើដំណើរ និងការនៅស្នាក់នៅខេត្តរតនគិរី ប្រកបដោយសុវត្ថិភាព៕