(កំពង់ធំ)៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សង្ក្រាន្តថ្មីសំបូរព្រៃគុក ដែលបានប្រារព្ធនៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨នោះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្តជិត២០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តកំពង់ធំ។
របាយការណ៍ខាងលើ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សង្ក្រាន្តថ្មីសំបូរព្រៃគុក មានភ្ញៀវទេសចរជាតិចំនួន ១៨៦,១៣៧នាក់ និងអន្តរជាតិចំនួន១៥២នាក់ ចូលរួមទស្សនាកម្សាន្ត និងលេងល្បែងប្រជាប្រិយនៅតំបន់នេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា បើប្រៀបធៀបនឹងឆ្នាំ២០១៧ ភ្ញៀវទេសចរជាតិដែលចូលរួមទស្សនាកម្មវិធីនេះ កើនឡើង ៧១.៥៩% និងភ្ញៀវអន្តរជាតិចំនួន ៦៦០%។
ក្រៅពីការមកទស្សនានូវប្រាសាទដ៏ល្អឯក ក៏នៅមានការលេងល្បែងប្រជាប្រិយកម្សាន្ត ដែលមានការចូលរួមលេងពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ រួមមាន៖ វាយក្អម ទាញព្រ័ត្រ ប្រណាំងរទេះគោ និងឡើងសរសរខ្លាញ់ផងដែរ។ លើសពីនេះទៅទៀត នៅថ្ងៃឡើងវីរឡើងស័ក្កិ ដែលជាថ្ងៃទី៣ នៃកម្មវិធីបុណ្យចូលឆ្នាំ បានប្រារព្ធនូវកម្មវិធីស្រង់ព្រះ និងរាំលេងកម្សាន្តទៀតផង៕