(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ បានថ្លែងថា ពេលនេះ ប្រជាជនដែលបានចុះឈ្មោះរួចហេីយ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៨៤ភាគរយ ហើយពួកគាត់នឹងអញ្ជេីញទៅបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះករណីកិច្ច និងកាតព្វកិច្ចជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសជាតិ មិនជឿលើការញុះញង់របស់ទណ្ឌិត សម រង្ស៊ី នោះទេ។
ការអះអាងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិ បានយកឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីម្សិលមិញនេះ អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ កុំទៅបោះឆ្នោត នៅថ្ងៃ ២៩ កក្កដា ២០១៨ ឱ្យសោះ បើមិនមានឈ្មោះគណបក្សសង្គ្រោះជាតិ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រជាជនដែលបានចុះឈ្មោះរួចហេីយ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៨៤ ភាគរយ នឹងអញ្ជេីញទៅបោះឆ្នោតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះករណីកិច្ច និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ប្រទេសជាតិ។ បងប្អូនមិនជឿការញុះញង់របស់ទណ្ឌិត សម រង្សី និងបក្សពួកទេ ដែលមិនឲ្យបងប្អូនទៅបោះឆ្នោតនោះទេ»។
លោកបានបន្តទៀតថា «ក្នុងជាង ៨៤ ភាគរយនេះ គ្រាន់តែសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ៦០ភាគរយហេីយ ច្បាស់ជាបោះជូនគណបក្សប្រជាជនកម្ពុជា។ ចំណែកបងប្អូនដែលធ្លាប់គាំទ្រអតីតៈបក្សប្រឆាំង បានរសាយចិត្តពីបក្សប្រឆាំងនេះហេីយ ហេីយបងប្អូននឹងងាកមកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាវិញ។ ដូច្នេះ មានសង្ឃឹមថា ប្រជាជនយេីងនឹងអញ្ជេីញទៅបោះឆ្នោតច្រេីន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានច្រេីនលេីសលុប»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្ដីប្រកាសព័ត៌មានមួយ ប្រតិកម្មនឹងការអំពាវនាវកុំឱ្យពលរដ្ឋ ទៅបោះឆ្នោត។ គ.ជ.ប ក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលអំពាវនាវដល់ប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ៕