(កោះកុង)៖ នាឱកាសព្រឹត្តិការណ៍កោះកុងសង្ក្រាន្ត នៅខេត្តកោះកុង រយៈពេល៣ថ្ងៃ (១៤-១៦ ខែមេសា) ខេត្តនេះទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣,៤៨៤៣នាក់ កើនឡើង ១៤.៩% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកោះកុង ដែលភ្នាក់ងារ Fresh News ទទួលបាន នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវបានលោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ចំពោះបញ្ហាសុខសុវត្ថិភាពប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ នាព្រឹត្តិការណ៍កោះកុងសង្រ្កាន្ត បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺមានសុវត្ថិភាពល្អគ្រប់មូលដ្ឋានរមណីយដ្ឋាន និងទីកម្សាន្តនៅតាមបណ្តាស្រុក-ក្រុង ក្នុងខេត្តកោះកុង។
លោកស្នងការបានបន្តថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ចោរកម្ម ក៏មិនបានកើតមានឡើយ។
សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃនេះ លើទឹកដីខេត្តកោះកុង ទិសនិរតី គេឃើញថា ប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានចូលរួមកម្សាន្តសប្បាយទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍អ្វីឡើយ៕