(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសកម្ពុជា ដែលថែរក្សា ការពារសាសុវត្តិភាព សណ្តាប់ធ្នាប់បានល្អ ជូនប្រជាពលរដ្ឋ និងទេសចរ ឱ្យបានសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដល់ភ្នាក់ងារ និងកម្លាំងដឹកជញ្ជូនតាមរថយន្តក្រុង ដែលបានដឹកជញ្ជូនកម្មករពីភ្នំពេញទៅតាមបណ្តាខេត្តនានា ក្នុងឱកាសចូលឆ្នាំថ្មីនេះ ទាំងទៅទាំងមក ដោយយកចិត្តទុកដាក់ខ្ពស់ ផ្តល់សុខសុវត្តិភាពដល់អ្នកធ្វើដំណើរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ពិធីបុណ្យចូលឆ្នាំប្រពៃណីថ្មីប្រពៃណីជាតិខ្មែរ បានកន្លងផុតអស់រយៈពេល៣ថ្ងៃមកនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ជាពិសេសនៅលើទឹកដីអង្គរដ៏បវររបស់កម្ពុជា។ ទន្ទឹមនឹងនេះដែរ គឺបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសក៏បានជួបជុំក្រុមគ្រួសារអបអរសាទរទវតាឆ្នាំថ្មីធ្វើបុណ្យដាក់ទាននៅតាមវត្តអារាម ព្រមទាំងកំសាន្តសប្បាយនៅតាមរមណីយដ្ឋានជាច្រើននៅទូទាំងប្រទេស»។
សម្តេចបានបន្តថា៖ «កត្តាសុខសន្តិភាព គឺមានតម្លៃនិងសារៈសំខាន់ខ្លាំងណាស់ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ទទួលបាននូវភាពរីករាយគ្រប់ៗទីកន្លែង។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មី២០១៨ លើទឹកដីសៀមរាបអង្គរ គឺបានផ្តល់នូវភាពភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើនកុះករ។ នេះក៏ជាព្រឹត្តិការណ៍បណ្តុះគំនិតកូនខ្មែរឱ្យចេះស្រឡាញ់កេរ្តិ៍ដំណែលមរតក សិល្បៈ វប្បធម៍ ប្រពៃណី ទំនៀមទម្លាប់ពីដូនតាឱ្យនៅស្ថិតស្ថេរគង់វង្សដើម្បីប្រទេសជាតិ និងកូនខ្មែរគ្រប់ជំនាន់»។
ទន្ទឹមនឹងការថ្លែងអំណរគុណ ដល់មន្រ្តីដែលបានធ្វើការងារនៅក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីបម្រើប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ប្រជាពលរដ្ឋ និងកម្មករកម្មការនីធ្វើដំណើរវិលត្រឡប់មកកាន់លំនៅដ្ឋានវិញ ឬមកកាន់ទីកន្លែងការងារវិញសូមប្រកបដោយសុត្តិភាពគ្រប់ៗគ្នាផងដែរ។
សម្តេចតេជោ ថែមទាំងបានជូនពរប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិ ដែលកំពុងឈរជើងការពារប្រទេសនៅតាមព្រំដែន និងកងទ័ពមួកខៀវកម្ពុជាដែលកំពុងឈរជើងការពារសន្តិភាពនៅតាមប្រទេសនានាក្រោមឆ័ត្រ UN ទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខានឡើយនៅក្នុងឆ្នាំថ្មីនេះ។
សូមជម្រាបថា ដើម្បីសម្រួលដល់ការធ្វើដំណើរដល់កម្មករ និងប្រជាពលរដ្ឋ ទៅកម្សាន្តនៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់យរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ រត់នៅលើផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅមុន និងក្រោយបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃ។ ការដឹកជញ្ជូននេះចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨៕