Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលម្នាក់ នៅខេត្តស្វាយរៀង បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងចេញល្បាតការពារសន្តិសុខជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំ

17-04-2018 08:57

(ស្វាយរៀង)៖ នាយរងប៉ុស្តិ៍នគបាលឃុំគ្រួសម្នាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារជិះម៉ូតូធ្លាក់ក្នុងប្រឡាយគោកគ្មានទឹក ខណៈកំពុងចេញល្បាតតែម្នាក់ឯង ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋមូលដ្ឋាន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ហេតុការណ៍គួរឲ្យសោកស្ដាយនេះ បានកើតឡើងនាវេលាម៉ោង ៥៖៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

បើតាមសមត្ថកិច្ចស្រុកស្វាយជ្រំ បានឲ្យដឹងថា នាយរងប៉ុស្តិ៍នគរបាលគ្រួសខាងលើនេះ មានឈ្មោះ ព្រាប សាភួន អាយុ៥០ឆ្នាំ មានឋានន្តរស័ក្តិជាអនុសេនីយ៍ទោ។ មុនពេលកើតហេតុ គាត់បានចេញល្បាតចល័តតាមគោលដៅ រហូតដល់ចំណុចលើផ្លូវលំ ស្ថិតនៅភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏ដួលម៉ូតូចូលក្នុងប្រឡាយគោកប្រះក្រហែង ស្លាប់បាត់បង់ជីវិតតែម្ដង។

ក្រោយពីទទួលព័ត៌មាននេះ កម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងជំនាញខេត្ត និងក្រុមគ្រួពេទ្យ បានចុះស្រាវជ្រាវជុំវិញកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើដងខ្លួនសាកសព ឃើញមានស្នាមទ្រុតចំដើមទ្រូងចំនួន ២កន្លែង និងសៀតផ្កាខាងឆ្វេង ១កន្លែង ដោយដួលបុកនឹងកាំភ្លើងដែលជនរងគ្រោះស្ពាយ បណ្តាលឲ្យស្លាប់តែម្តង។ បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕