(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ដើម្បីបើកសម័យប្រជុំសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣ ដើម្បីពិនិត្យនិងឱ្យយោបល់ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។
តាមការប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា កិច្ចប្រជុំ នៅថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២។ របៀបវារៈ២នេះរួមមាន៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣
២៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣៕