(កូរ៉េខាងត្បូង)៖ នៅទីបំផុតកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់កញ្ញា ធី សុវណ្ណថា ដែលចូលរួមប្រកួតប្រជែង «កម្មវិធីរាជនីសម្រស់» លំដាប់ពិភពលោក ទទួលបានពានរង្វាន់ Queen of the Spa Korea 2018 ជាមួយទឹកប្រាក់សរុបប្រមាណជាង៥២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះគឺកិត្តិយសដ៏អស្ចារ្យសម្រាប់ជូនជាតិកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ម្ចាស់ពីពានរង្វាន់ Queen of the Spa Korea 2018 កញ្ញា ធី សុវណ្ណថា បានប្រាប់បណ្តាញព័ត៌មាន Fresh News ទាំងកណ្តាលរាត្រី ខណៈកញ្ញាទើបត្រឡប់មកដល់ ទឹកដីកម្ពុជា នៅម៉ោងប្រមាណ១១៖៥០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះឲ្យដឹងថា បន្ទាប់ពីកញ្ញាជាប់ទទួលបានពានរង្វាន់ Queen of the Spa Korea 2018 កញ្ញាទទួលបានទឹកប្រាក់សរុបរហូតដល់ជាងកន្លះលានដុល្លារ។ ដោយក្នុងនោះរួមមាន៖ ១៖ ប្រាក់រង្វាន់កម្មវិធី ៣ម៉ឺនដុល្លារ, ២៖ ប្រាក់រង្វាន់កែសម្ផស្ស ៣ម៉ឺនដុល្លារ, ៣៖ ប្រាក់រង្វាន់ទេសចរណ៍ ៣ម៉ឺនដុល្លារ ៤៖ ប្រាក់រង្វាន់ផលិតផល ១ម៉ឺនដុល្លារ, ៥៖ ប្រាក់រង្វាន់កុងត្រាថត ដោយក្រុមហ៊ុន៨ពីប្រទេសកូរ៉េ វៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជា សរុបជាង ៤២ម៉ឺនដុល្លារ។
ថ្លែងបញ្ជាក់បន្ថែមប្រាប់បណ្តាញព័ត៌មាន Fresh News ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឲ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ខាងលើនេះ កញ្ញា ធី សុវណ្ណថា ដែលក៏បានប្រកាសនឹងបែងចែកប្រាក់នេះជា៤ផ្នែក៖ ដោយទី១៖ ជួយឧបត្ថម្ភធ្វើផ្លូវបេតុង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល.. ២៖ ជួយឧបត្ថម្ភ កម្មវិធីបណ្តុះបណ្តាលរបាំខ្មែរ, ៣៖ ជួយគម្រោង អេកូទេសចរណ៍តំបន់អារ៉ែង, ៤៖ ជូយគម្រោងអាហារូបករណ៍សិស្សក្រីក្រ៕