(សៀមរាប)៖ នៅក្នុងតំបន់ប្រារព្ធពិធីបុណ្យអង្គរសង្រ្កាន្ត នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវជាថ្ងៃទី៣ (ថ្ងៃបញ្ចប់កម្មវិធី) (គិតពីម៉ោង០៧៖០០នាទី ដល់ម៉ោង១៧៖០០នាទី) នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានមកចូលរួមលេងកំសាន្ត សប្បាយ ក្នុងកម្មវិធីអង្គរសង្ក្រាន្ត ក្រោមការយកចិត្តទុកដាក់ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្តាប់ធ្នាប់ របស់សមត្ថកិច្ច នៅគ្រប់គោលដៅទាំងអស់ ។
បើតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការការពារ ពិធីបុណ្យអង្គរសង្ក្រាន្ត បានឲ្យដឹងថា សភាពការណ៍ បទល្មើសព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើងគួរកត់សម្គាល់, សភាពការណ៍គ្រោះថ្នាក់សង្គម ផ្ទុះកំប៉ុងហ្គាស១លើក (ឆេះរទេះលក់លតឆា) នៅតំបន់ a1 ។
ដោយឡែកកិច្ចប្រតិបត្តិការ សមត្ថកិច្ចនគរបាល បានសហការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងឱកាសអញ្ជើញចូលរួម កម្មវិធីកំសាន្តសប្បាយនានា នៅគ្រប់តំបន់ប្រារព្ធពិធីប្រកប ដោយសុវត្ថិភាព, បានទទួលនិងធ្វើការស្រាវជ្រាវ តាមបណ្តឹងជនបរទេស១នាក់ (ម៉ិចស៊ីកូ) ពាក់ព័ន្ធករណីជ្រុះបាត់កាបូបលុយ នៅតំបន់a2, បានសហការ នៅគ្រប់គោលដៅ ប្រារព្ធពិធី ដើម្បីសម្រួលលំហូរចរាចរណ៍ និងបញ្ជៀសការកកស្ទះ ព្រមទាំងបានពង្រាយកម្លាំងត្រៀមអន្តរាគមន៍ ពេលមានហេតុការណ៍ កើតឡើងជាយថាហេតុ។
លើសពីនោះទៀត បានចុះផ្សព្វផ្សាយអប់រំស្តីពី ការងារបង្ការ និងពន្លត់អគ្គិភ័យបានចំនួន ៩៥មូលដ្ឋាន តូបលក់ដូរ ៥៨តូប និងចែកខិត្តប័ណ្ណផ្សព្វផ្សាយលេខទូរស័ព្ធទំនាក់ទំនងចំនួន ២៣១សន្លឹក ព្រមទាំងប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកចំនួន ១៤ឡាន បាញ់នៅតាមទីតំបន់កំសាន្តសប្បាយនានា (តំបន់ a2 និង a4) ដើម្បីកាត់បន្ថយកម្តៅ និងការហុយដី ។ ដោយឡែកសភាពការណ៍ក្រៅតំបន់ ប្រារព្ធពិធីអង្គរសង្រ្កាន្តក្នុងខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ពុំមានអ្វីកើតឡើងគួរកត់សម្គាល់នោះឡើយ៕