(កូរ៉េខាងត្បូង)៖ ក្នុងជំនួបពិភាក្សាជាមួយលោក Kim Ki Young សាកលវិទ្យាធិការ នៃសកលវិទ្យាល័យបច្ចេកវិទ្យា និងអប់រំកូរ៉េ (KOREATCH) នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសាកលវិទ្យាល័យនេះ បន្តជួយកសាងសមត្ថភាពដល់មន្រ្តីរាជការ និងគ្រូបច្ចេកទេសកម្ពុជាបន្ថែមទៀត ព្រោះកម្ពុជាបច្ចុប្បន្នជាប្រទេសកំពុងអភិវឌ្ឍន៍ ពោលត្រូវការធនធានមនុស្សកាន់តែច្រើនថែមទៀត។
ក្នុងជំនួបនោះ លោកសាកលវិទ្យាធិការបានលើកឡើងនូវចំណុចមួយចំនួន ទាក់ទងនឹង៖
១៖ កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ KOREATCH ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក លើការកសាងសមត្ថភាពដល់មន្រ្តីរាជការ និងគ្រូបច្ចេកទេសកម្ពុជាបានគ្រប់កម្រិត និងបាននឹងកំពុងរៀបចំគម្រោងស្ដីពី «Capacity Building for ASEAN TVET Specialist» ទៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីអនុម័តគម្រោងនេះ ដោយផ្តោតជាសំខាន់លើការកសាងសមត្ថភាពមន្រ្តីរាជការ និងគ្រូ TVET កម្ពុជា តាមរយៈការចូលរួមសិក្សារយៈពេល៖
* ១ឆ្នាំ សម្រាប់ការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស TVET (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក TVET)
* ១២សប្ដាហ៍ សម្រាប់ការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស TVET (សិក្សាអំពី HRD និងវិស្វកម្ម)
* ២សប្ដាហ៍ សម្រាប់អ្នកបង្កើតគោលនយោបាយ TVET (សិក្សាអំពីមុខរបរ ការងារ និង TVET)
* ៤សប្ដាហ៍ សម្រាប់កម្លាំងពលកម្មជំនាញ (សិក្សាអំពីវិស្វកម្ម និងការប្រកួតប្រជែងបច្ចេកទេស)។
បន្ថែមលើនេះ កាលពីខែឧសភា ឆ្នាំ២០១៧ សាកលវិទ្យាល័យ KOREATECH បានបង្កើតក្របខណ្ឌសហប្រតិបត្តិ ការថ្មីមួយទៀតតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង TVET-CAMPUS ជាមួយសាកលវិទ្យាល័យចំនួន៨ផ្សេងទៀត ដែលក្នុងនោះភាគីកម្ពុជា គឺតំណាងដោយ NPIC។ កិច្ចព្រមព្រៀងនេះមានគោលបំណងលើកកម្ពស់កម្មវិធីផ្លាស់ ប្តូរការសិក្សា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូ។
២៖ កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតរវាងសាកលវិទ្យាល័យ KOREATECH និងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដោយបច្ចុប្បន្ននេះសាកលវិទ្យាល័យ KOREATCH បាននិងកំពុងរៀបចំគម្រោង ODA ថ្មីមួយទៀតជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំហិរញ្ញវត្ថុ ODA ពីរដ្ឋាភិបាលកូរ៉េ។
៣៖ ពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការផ្សព្វផ្សាយកម្មវិធី Global TVET Management Program ឆ្នាំ២០១៩ និងការពង្រីកកម្មវិធី TVET-CAMPUS ដែលវិទ្យាស្ថាន NPIC បានចូលរួម។
លោករដ្ឋមន្រ្តីបានសម្តែងនូវអរគុណចំពោះវិទ្យាស្ថាន ដែលបានស្វាគមន៍គណ:ប្រតិភូកម្ពុជា ដែលបានមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថាននេះ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកន្លងមក វិទ្យាស្ថានបានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិត លើការកសាងសមត្ថភាពដល់មន្រ្តីរាជការ និងគ្រូបច្ចេកទេសកម្ពុជាបានជាច្រើននាក់។
ជាមួយនោះ លោករដ្ឋមន្រ្តីក៏បានគាំទ្រនូវការលើកឡើងទាំង៣ចំណុច របស់លោកសាកលវិទ្យាធិការ ជាពិសេសគម្រោងជំនួយអភិវឌ្ឍអន្តរជាតិ ODA ដែលវិទ្យាស្ថានកំពុងរៀបចំស្នើសុំហិរញ្ញវត្ថុនេះ ពីរាជរដ្ឋាភិបាលកូរ៉េ និងបានស្នើសុំឱ្យសាកលវិទ្យាល័យ KOREATECHបន្តជួយកសាងសមត្ថភាពដល់មន្រ្តីរាជការ និងគ្រូបច្ចេកទេសកម្ពុជាបន្ថែមទៀត ព្រោះកម្ពុជាបច្ចុប្បន្នជាប្រទេសកំពុងមានការអភិវឌ្ឍ ដែលត្រូវការនូវធនធានមនុស្សបានកាន់តែច្រើនថែមទៀត៕