(សៀមរាប)៖ រយៈពេល៤ថ្ងៃ (១៣-១៦ ខែមេសា) នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៦ នៅខេត្តសៀមរាប ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ១.៨២លាននាក់ បានចូលរួមទស្សនាកម្សាន្ត ស្ថិតក្នុងកំណើន ១៥.១៤% ជាមួយនឹងការទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់បន្ថែមទៀតលើសពីឆ្នាំ២០១៧។ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង ១.៧៨លាននាក់ កើន១៥.១៦% បើប្រៀបធៀបឆ្នាំ២០១៧។ ភ្ញៀវអន្តរជាតិចំនួន ៣៦,៦៩៤នាក់ កើន១៤.២៥% ប្រៀបធៀបឆ្នាំ២០១៧ ។
ស្ថិតិភ្ញៀវទេសចរខាងលើនេះ ត្រូវបានបង្ហាញដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងក្នុងកម្មវិធីប្រគុំតន្រី្ត នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាមួយវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងវត្តមានយុវជន សមាជិក-សមាជិកា ស.ស.យ.ក ភ្ញៀវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋរាប់ម៉ឺននាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គឺជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ដ៏ធំមួយរបស់កម្ពុជា នៅលើទឹកដីអច្ឆរិយៈ ដែលត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏ទាក់ទាញ និងជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យដ៏ធំទាំងឡាយ ដែលអាស៊ានបានជ្រើសរើស និងផ្សព្វផ្សាយសម្រាប់អបអរសាទរខួបទី៥០ឆ្នាំ នៃការបង្កើតសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) កាលពីឆ្នាំ២០១៧ កន្លងទៅនេះ។ ដែលព្រឹត្តិការណ៍លើកទី៦ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «សាទរមរតកដូនតា»។
លោក ថោង ខុន បានបន្តទៀតថា ព្រឹត្តិការណ៍សង្ក្រាន្ត គឺពិតជាបានផ្តល់នូវភាពសប្បាយរីករាយ ការជួបជុំគ្នា តាមរយៈការបង្ហាញនូវវប្បធម៌អរូបីយ ដូចជា ល្បែងប្រជាប្រិយ តន្រ្តី របាំប្រពៃណី ម្ហូបអាហារ កីឡា ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរ
រួមជាមួយនឹងការលើកយកមកនូវកេរ្តិ៍តំណែលអរិយធម៌ និងស្នាដៃនានារបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ព្រមជាមួយនេះ
សង្រ្កាន្តក៏បានផ្តល់ឱកាសជាច្រើនបន្ថែមទៀត ដល់ប្រតិបត្តិករ អាជីវករទេសចរណ៍ អ្នកលក់ដូរទទួលបានប្រាក់ចំណូលកាន់តែច្រើន និងបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទាំងមូល។
ដោយឡែក ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ យើងសង្កេតឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរពីទីជិតទីឆ្ងាយមកចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខរីករាយគ្រប់ៗគ្នា។ ជាមួយនឹងការធ្វើដំណើរលើផ្លូវថ្នល់ដ៏ល្អ ប្រជាពលរដ្ឋក៏មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ប្រជាពលរដ្ឋ និងទេសចរឆ្នាំនេះ កាន់តែមានការយល់ដឹងខ្ពស់ពីការចូលរួមក្នុងការរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន បានល្អ។ ការចូលរួមដ៏ល្អនេះ បានបញ្ជាក់ច្បាស់ពីការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ទៅកាន់គោលដៅទេសចរណ៍ និងបញ្ជាក់កាន់តែច្បាស់អំពីភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ នៃកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា «ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៨នេះ តាមការវាយតម្លៃដំបូង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមទស្សនាកម្សាន្តប្រមាណ ១.៨លាននាក់ កើនឡើង ១២%»។
លោកថា ការរំពឹងទុកប្រកបដោយសុទិដ្ឋិនិយម នៃទំនាក់ទំនងដ៏ស្អិតល្មួតរវាងវិស័យទេសចរណ៍ និងវិស័យវប្បធម៌ គឺដោយសារកម្ពុជាមានសក្តានុពលធំធេងណាស់ ទាំងបេតិកភណ្ឌវប្បធម៌រូបីយ និងអរូបីយ និងបេតិកភណ្ឌធម្មជាតិ។ បើគិតត្រឹមតែប្រាង្គប្រាសាទបុរាណ កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១,០០០កន្លែង ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) និងសម្បត្តិវប្បធម៌អរូបីយមួយចំនួនទៀត ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយរបស់អង្គការ UNESCO។
លោករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន ស.ស.យ.ក និងសមាជិក-សមាជិកា ស.ស.យ.ក ទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតី និងឆន្ទៈមោះមុត ហើយតែងតែបានសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ចូលរួមគ្រប់សកម្មភាពវប្បធម៌ សង្គម និងបរិស្ថាន ពិសេសបានរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឡើង ដើម្បីចូលរួមបំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយនិរន្តរភាព ដោយឈរលើទសន្សទាន «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសាកលភារូបនីយកម្មទំនើបជំនាន់ថ្មីនេះ ដើម្បីខ្មែរតែមួយ អនាគតតែមួយ៕