(សៀមរាប)៖ ដើម្បីរួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាពិព័រណ៍ផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៤ថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យពាណិជ្ជកម្ម បានចូលរួមធ្វើការសម្រួលចរាចរណ៍ និងប្រមូលសំរាមនៅតាមដងផ្លូវ ចាប់ពីមុខបរិវេណជណ្តើរប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារច្រកចូលនៃបរិវេណពិព័រណ៍។
បើតាម លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យពាណិជ្ជកម្ម បានឲ្យដឹងថា តំណាងយុវជនដែលចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មានចំនួនសរុប១១៣នាក់ ហើយពួកគេ តែងចាត់ទុកព្រឹត្តិការណ៍នេះ គឺជាឱកាសដើម្បីចូលរួមកិច្ចការសង្គម។
លោក បានបន្តទៀតថា «ការបំពេញកិច្ចការសង្គម គឺជាភារកិច្ច និងការទទួលខុសត្រូវរបស់យុវជន! ក្នុងរយៈពេល៤ថ្ងៃនេះ ខ្ញុំ និងយុវជនទាំងអស់ បានសហការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យទូទៅនៅក្នុងបរិវេណពិព័រណ៍ ដោយសារយើងចង់ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ បានរីករាយក្នុងការដើរទស្សនា និងទិញផលិតផលខ្មែរយើងកាន់តែច្រើន ដើម្បីជំរុញគោលនយោបាយនាំចេញនៅនឹងកន្លែងរបស់រាជរដ្ឋាភិបាល»។
ទន្ទឹមគ្នានេះ លោក រាជ រ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យពាណិជ្ជកម្ម បានយល់ស្របដែរថា ផលិតផលខ្មែរបច្ចុប្បន្នមានគុណភាពល្អ និងតម្លៃសមរម្យ អាចប្រកួតជាមួយផលិតផលបរទេស ប៉ុន្តែពេលដាក់តាំងចាំបាច់ត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ ទើបអាចទាក់ទាញក្រសែភ្នែកអ្នកទិញ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ។
លោកអះអាងថា «បញ្ហាសណ្តាប់ធ្នាប់ និងអនាម័យ គឺជារឿងសំខាន់! ព្រោះភ្ញៀវទេសចរ មុននឹងជ្រើសរើសទិញផលិតផលអ្វីមួយ គឺគេមើលទាំងទីកន្លែងលក់ និងការរៀបចំស្តង់! បើសិនជាមានការរៀបចំត្រឹមត្រូវ វានឹងជួយទាក់ទាញចំណាប់អារម្មណ៍គាត់ ឲ្យចូលមើលផលិតផល រួចឈានទៅចរចាតម្លៃទិញតែម្តង»។
គួររំលឹកដែរថា រៀងរាល់ពេលដែលមានការរៀបចំពិព័រណ៍ផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុមយុវជន ស.ស.យ.ក វិស័យពាណិជ្ជកម្ម តែងធ្វើការចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំសណ្តាប់ បរិស្ថាន និងអនាម័យ ដើម្បីជួយឲ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ នេះក៏ដោយសារតែពួកគេបានយល់ច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់យុវជន ក្នុងនាមជាសរសរទ្រូងនៃប្រទេសជាតិ។ ម្យ៉ាងទៀត ក៏ព្រោះពួកគេទាំងអស់ ចង់បង្ហាញឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានឃើញពីសាមគ្កីភាព និងទឹកចិត្តរបស់យុវជន ក្នុងការប្រឡូកកិច្ចការសង្គម ដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយ៕