(កូរ៉េខាងត្បូង)៖ ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់គម្រោងស្តីពី ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត-WorkNet ជាមួយលោកស្រី Kim Young Joo រដ្ឋមន្រ្តីក្រសួងមុខរបរ និងការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការ (Arrangement for Cooperation) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងមុខរបរ និងការងារកូរ៉េ សម្រាប់គម្រោងស្តីពី «ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត-WorkNet» ដែលនឹងត្រូវអនុវត្តដោយទីភ្នាក់ងារជាតិ មុខរបរនិងការងារ (NEA) នៃកម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េ (KEIS) នៃសាធារណរដ្ឋកូរ៉េ។
គម្រោងនេះមានរយៈពេល៤ឆ្នាំ និងមានគម្រោងថវិកាចំនួន ៣លាន ១សែនដុល្លារអាមេរិក ដោយអនុវត្តជា៣ដំណាក់កាល រួមមាន៖
ទី១៖ ឆ្នាំ២០១៨ ការសិក្សាទៅវិញទៅមក អំពីប្រព័ន្ធផ្តល់សេវាការងារសាធារណៈ នៅប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ថវិកា ២សែនដុល្លារ។
ទី២៖ ឆ្នាំ២០១៩-២០២០ ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និង Software ដើម្បីបង្កើតប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារ ការងារតាមអ៊ីនធើណេត-WorkNet ថវិកា ២លាន ៧សែនដុល្លារ។
ទី៣៖ ឆ្នាំ២០២១ ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃ ថវិកា ២សែនដុល្លារ។
បន្ទាប់មក ភាគីទាំងពីរក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់គម្រោងស្តីពី ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត-WorkNet ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕