(បន្ទាយមានជ័យ)៖ នៅ ថ្ងៃចន្ទ័២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ជាថ្ងៃវារ:ឡើងស័ក នាយឧត្តមសេនីយ័ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ ប្រធានកិតិ្តយសសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ បានចូលជាអធិបតីក្នុងពិធីស្រោចទឹកជូនលោកតា លោកយាយ នៅប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា ពិធីងូតទឹកជូនចាស់ទុំព្រឹទ្ធាចារ្យ គឺដើម្បីការ តបគុណ ដឹងគុណដែលពួកគាត់បានបន្សល់ទុកនៅមរតកដ៏សំខាន់នោះគឺវប្បធម៌សាមគ្គីភាព ឯកភាព ពលិកម្ម ក្នុងបុព្វហេតុសន្តិភាព សេចក្តីសុខសាន្តជូនដល់សង្គមជាតិ កូនចៅជំនាន់ក្រោយតរៀងរហូតមក និងលាងជម្រះនូវចិត្តសៅហ្មងអពមង្គលពីឆ្នាំចាស់ទាំងពួងឲ្យវិនាសសាបសូន្យនាំឱ្យចិត្តយើងស្ងប់ហើយបំណងសំខាន់របស់ឪពុកម្ដាយ ចាស់ព្រឹទ្ធាចារ្យគឺគ្មានអ្វីក្រៅពីចង់ ឃើញកូនចៅមានសេចក្តីសុខនិងរីកចម្រើនទៅមុខទេ ហើយពិតណាស់ឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យយើងពិបាកចិត្តឈឺចាប់បំផុតនៅពេលកូនចៅធ្វើអំពើផ្ដេសផ្ដាសនៅក្នុងសង្គមនាំទុក្ខដល់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ក្នុងនោះមានបញ្ហាគ្រឿងញៀនដែលកូនចៅទាំងអស់គ្នាត្រូវតែចៀសឲ្យឆ្ងាយនិងធានាថាមិនមានបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋានយើងឡើយ ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានស្រោចទឹកដល់ព្រឹទ្ធាចារ្យ លោកយាយ លោកតា ប្រកបដោយទឹកចិត្តជ្រះថ្លាគោរពស្រឡាញ់ក្នុងនាមជាឪពុកម្តាយ និងជាគ្រូបាអាចារ្យ។នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានជូនពរឲ្យគ្រួសារអ្នកបន្ទាយមានជ័យសូមឲ្យសុខសប្បាយនិងសុវត្ថិភាពទាំងអស់គ្នាពេលត្រឡប់ទៅកាន់គេហដ្ឋាន កន្លែងធ្វើការ និងរៀនសូត្រវិញ "ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ដោយសារចរាចរណ៍ និងគ្រឿងញៀន "។