(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្រ្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៨នេះ ដែលត្រូវនឹងថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មី បានអញ្ជើញ ទស្សនាការប្រកួតល្បែងអុកចត្រង្គ វគ្គផ្តាច់ព្រ័ត្រ ក្នុងភូមិល្បែងប្រជាប្រិយខ្មែរសង្ក្រាន្តព្រៃវែង។
ចប់ការប្រកួត ជយលាភីជើងឯកអុកចត្រង្គ ប្រចាំខេត្តព្រៃវែង លេខ១បានទៅលោក ចាន់ វណ្ណដារ៉ា និងលេខ២ បានទៅ លោក គង់ ឡងឌី។
សូមជម្រាបថា ប្រជាពលរដ្ឋនៅទូទាំងខេត្ដព្រៃវែង បានបង្ហាញនូវក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ជាមួយសង្រ្កាន្ដព្រៃវែង ឆ្នាំ២០១៨ ដែលរៀបចំឡើង នៅក្រុងព្រៃវែង ដែលផ្តួចផ្តើមដោយលោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។
ពិធីនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ឲ្យស្គាល់ពីអរិយធម៌ វប្បធម៌ ការឆ្នៃប្រឌិតផលិតផលរបស់កូនខ្នែរ ការលក់ផលិតផលនានានៅតាមស្តង់ មានការប្រគុំតន្រ្តី លេងល្បែងប្រជាប្រិយគ្រប់ប្រភេទផងដែរ។
សង្ក្រាន្តព្រៃវែង មានស្តង់ពិព័រណ៌ជាតិ និងអន្តរជាតិចំនួន៣០០ស្តង់ ក្នុងនោះ មានស្តង់លក់ចំណីអាហារ មានកន្លែងប្រារព្ធពិធីសាសនា និងកម្មវិធីកំសាន្តជាច្រើនដូចជា៖ ការសម្តែង របាំប្រពៃណី របាំទ្រុឌ របាំជូនពរ របាំឆៃយាំ នារីជាជួរ គោះត្រឡោក ក្ងោកប៉ៃលិន ស្បៃតូច ស្បៃធំ ការបង្កើតផ្ទះបុរាណខ្មែរ ការសម្តែងល្បុកត្តោ និងល្បែងកំសាន្តជាច្រើនទៀត៕