(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៥៥លើក បណ្ដាលឲ្យមនុស្សស្លាប់២៦នាក់, របួសធ្ងន់៥៨នាក់ និងរបួសស្រាល២៣នាក់ ។
បើតាមរបាយការណ៍ខាងលើ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០១៧ ហើយមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ គឺល្បឿន១២លើក, ប្រជែង១១លើក, មិនគោរពសិទ្ធ១០លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង៦លើក, មិនប្រកាន់ស្ដាំ៧លើក, កត្ដាយាន១លើក និងងងុយដេក២លើក។
ដោយឡែករាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើន៖ ខេត្តកែប៣លើក ស្លាប់៣នាក់, កំពង់ចាម៥លើក ស្លាប់៣នាក់, កំពង់ធំ៣លើក ស្លាប់២នាក់, ក្រចេះ៣លើក ស្លាប់១នាក់, តាកែវ៦លើក ស្លាប់៤នាក់, ព្រះវិហារ២លើក ស្លាប់២នាក់, និងបន្ទាយមានជ័យ២លើក ស្លាប់២នាក់។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត និងធ្វើដំណើរកម្សាន្ដតាមរមណីយដ្ឋានផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕