(បន្ទាយមានជ័យ)៖ ក្រោយទទួលដំណឹងថា ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងគ្រោះដោយសារខ្យល់កន្រ្តាក់រួចមក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះនាំអំណោយទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំងនោះ ភ្លាមតែម្ដង។
អញ្ជើញចូលរួមលោកសួន បវរអភិបាលខេត្តបន្ទាយមានជ័យ លោកសាន ស៊ានហូអភិបាលក្រុងប៉ោយប៉ែត ចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៥៨ គ្រួសារ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ដែលក្នុងនោះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៥៨ គ្រួសារ ត្រូវខូចខាតជាបន្តបន្ទាប់។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជម្រាបដល់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយគ្មានប្រកាន់គណបក្សនយោបាយណាឡើយ ព្រោះសម្ដេចតែងតែយកចិត្តទុកដាក់ជានិច្ច និងជួយស្រោចស្រង់អាយុជីវិតមនុស្សលោកទាំងអស់ នៅពេលមានគ្រោះមហន្តរាយទាំងឡាយដោយកើតពីគ្រោះធម្មជាតិផ្សេងៗ ឬដែលប៉ះពាល់មកលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ខ្យល់កន្ត្រាក់វាយប្រហាររួមមាន៖ ស្រុកអូរជ្រៅចំនួន ១០ខ្នងផ្ទះ ស្រុក ម៉ាឡៃ១ខ្នងផ្ទះ ក្រុងប៉ោយប៉ែត៤៧ ខ្នងផ្ទះ ពលរដ្ឋទទួលបានអំណោយ១គ្រួសារៗបាន៖ មី១កេស,ទឹកសុទ្ធ១យួរ,ទឹកក្រូច១យួរ, ទឹកសុីអ៊ីវ២យួរ,ទឹកតែត្រជាក់១យួរ,សារុង២, ថវិកា១០ម៉ឺនរៀល និងជួសជុលសាងសង់ផ្ទះដួលរំលំតាមជាក់ស្តែង ជួយសសរ ជួយស័ង្កសី៕