កីឡាករ សុខ លឹមហេង មានវ័យ១៩ឆ្នាំ ឈ្នះជ័យលាភីលេខ១ នៃការប្រកួតអុកចត្រង្គ ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៨
16-04-2018 13:19
(សៀមរាប)៖ កម្មវិធីប្រកួតអុកចត្រង្គ អបអរសាទរព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៨នេះ បានរកឃើញម្ចាស់ជ័យលាភីលេខ១ហើយ គឺបានទៅលើ កីឡាករ សុខ លឹមហេង មានវ័យ១៩ឆ្នាំ ដែលជានិស្សិតឆ្នាំទី១ នៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។
ចំណែកចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតអុកចត្រង្គ ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៨នេះ បានទៅកីឡាករ ឈាវ បូរ៉ា អតីតម្ចាស់ជ័យលាភីលេខ១ អុកចត្រអង្គ ព្រឹត្តិការអង្គសង្ក្រាន្តឆ្នាំ២០១៤ និង២០១៥, លេខ៣បានទៅលើក កីឡាករ ធឹម ឌីណា និងចំណាត់ថ្នាក់លេខ៤ បានទៅកីឡាករ ស៊ីវ ស៊ីន។
សូមបញ្ជាក់ថា លោក សុខ លឹមហេង ចេះលេងអុកចត្រង្គកម្ពុជា នៅឆ្នាំ២០១០ ទទួលបានលេខ៣ កីឡាអុកត្រង្គជំរើសជាតិនៅឆ្នាំ២០១៧ ចូលរួមប្រកួតអុកត្រង្គយកពានរង្វាន់ អង្គរសង្រ្កាន្ដនៅឆ្នាំ២០១៨នេះ។
ការប្រកួតស្វែងរកជ័យលាភីជើងឯងនេះ រៀបចំឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, អ្នកតំណាងរាស្ត្រ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ឃឹម ប៊ុនស៊ុង អភិបាលខេត្តសៀមរាប៕