(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះថា ក្នុងរយៈពេល២ថ្ងៃ នៃព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១៥ម៉ឺននាក់ បានមកទស្សនា កម្សាន្តសប្បាយនៅក្នុងខេត្តស្វាយរៀង ប្រកបដោយក្តីរីករាយ និងពោរពេញដោយស្នាមញញឹមគ្រប់ៗគ្នា។
លោក តូច ប៉ូលីវ៉ា បានថ្លែងថា «ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង មានភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដោយអាជ្ញាធរខេត្តបានរៀបចំកម្មវិធីសប្បាយ និងបង្កើតឱ្យមានកម្មវិធីសង្ក្រាន្តស្វាយរៀង មានប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត គិតត្រឹមថ្ងៃទី១៥ ខែមេសានេះ មានអ្នកចូលរួមចំនួនជាង១៥ម៉ឺននាក់»។
លោក តូច ប៉ូលីវ៉ា បានបន្តថា ចំពោះសន្តិសុខសុវត្ថិភាព រហូតមកដល់ថ្ងៃនេះ ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ដោយមានកម្លាំងសមត្ថកិច្ច ការពារសន្តិសុខបានល្អ ដោយយើងមានកន្លែងផ្តល់ព័ត៌មានអំពីការងារសន្តិសុខដូចជា៖ ផ្តល់លេខទូរស័ព្ទទំនាក់ទំនង ទៅសមត្ថកិច្ច ខណៈដែលមានករណីលួច ឆក់កើតឡើងពោល គឺដើម្បីធ្វើយ៉ាងណាឱ្យសង្ក្រាន្តស្វាយរៀង ប្រព្រឹត្តិទៅមានភាពសប្បាយរីករាយ។
លោកបានបញ្ជាក់ថា ក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង គឺមានតែក្មេងម្នាក់បានវង្វេងម្តាយ តែក្រុមការងារយើងបានជួយរកឱ្យជួបម្តាយកូនវិញហើយដែរ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងនេះ មានការលេងល្បែងប្រជាប្រិយជាច្រើន និងមានការប្រគំតន្ត្រីរាំលេងកំសាន្តជាពិសេស គឺមានការបាញ់ទឹក ហើយនៅតំបន់ត្រជាក់ចិត្តខាងមុខសាលាខេត្តវិញ អាជ្ញាធរបានរៀបចំដាក់ពាងទឹក សម្រាប់ប្រជាពលរដ្ឋលេងផងដែរ។ នេះជាលើកទី២ ដែលអាជ្ញាធរខេត្តស្វាយរៀង បានសហការជាមួយសហភាពសហព័ន្ធយុវជនម្ពុជាខេត្ត បានបង្កើតសង្ក្រាន្តស្វាយរៀង និងមានការរៀបចំស្តង់តាំងពិព័រណ៌នូវមុខទំនិញ របស់របរបែបខ្មែរដែលជាការផលិតពីស្នាដៃកូនខ្មែរពិតៗ៕