(ភ្នំពេញ)៖ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃនេះ Fresh News សូមជូនកំណាព្យបទពាក្យប្រាំពីរ និងបទកាកគតិ «សង្ក្រាន្តឆ្នាំថ្មី ក្រោមម្លប់សន្តិភាព»។

បទពាក្យប្រាំពីរ

១៖ រួចពីសង្គ្រាមខ្មែរមានភព្វ សំណាងសែនគាប់ផុតទុក្ខភ័យ
ម្លប់សន្តិភាពត្រជាក់ក្រៃ បុណ្យចូលឆ្នាំថ្មីរាស្ត្រត្រេកអរ។

២៖ ចូលឆ្នាំថ្មីហើយពលរដ្ឋខ្មែរ ជួបជុំពុកម៉ែញាតិកុះករ
ទទួលទេវតាបន់សុំពរ ឆ្នាំថ្មីឆ្នាំល្អសុខសួស្ដី។

៣៖ ឆ្នាំថ្មីឆ្នាំចសំរឹទ្ធិស័ក កើតមាសកើតប្រាក់ច្រើនប្រពៃ
ព្រះមហោធរទេវីស្រី គង់ចាំសំភីគ្រងខេមរា។

៤៖ ទេវតាបាច់ផ្ការាស្ត្រអំណរ ទទួលសាទរពេញរដ្ឋា
សង្ឃឹមជឿជាក់បានសុខា ពេញក្នុងមហាគ្រួសារខ្មែរ។

៥៖ ឆ្នាំនេះមិនខុសពីឆ្នាំមុន សុខុមជុំជនទាំងក្រុងស្រែ
ធនធានគ្រប់គ្រាន់មុខមាត់ប្រែ ទស្សនាលំហែចិត្តស្រស់ថ្លា។

៦៖ ឆ្នាំនេះល្បីថាញាតិប្រុសស្រី មួរមីឃ្មាតខ្មីនាំគ្រួសារ
ទៅលេងអង្គរកេរ្តិ៍ដូនតា ដែនដីរខេមរាល្បីល្បាញក្រៃ។

៧៖ មិនត្រឹមប៉ុណ្ណោះឆ្នាំនេះណា សប្បាយអស្ចារ្យមិនសំចៃ
អង្គរសង្ក្រាន្តចូលឆ្នាំថ្មី ប្រជាប្រុសស្រីលេងសប្បាយ។

៨៖ សង្ក្រាន្តឆ្នាំនេះធំជាងមុន ទទួលគ្រប់ជនទីជិតឆ្ងាយ
ពិធីតូចធំពិតសប្បាយ វប្បធម៌ពង្រាយដល់បរទេស។

បទកាកគតិ

៩៖ នេះជាស្នាដៃ យុវជនជាន់ថ្មី ឃ្មាតខ្មីសំភី
រៀបចំប្រារព្ធ សឹងគ្រប់ទិសទី ប្រជាមួរមី
ចូលរួមកម្សាន្ត។

១០៖ ក្នុងគោលបំណង មិត្តភាពចម្បង សាមគ្គីគ្រប់ប្រាណ
បណ្ដុះស្មារតី រួមសុខសាន្តត្រាណ ទើបជាតិខ្មែរបាន
សន្តិភាពយូរ។

១១៖ ដូច្នេះខ្មែរអើយ សូមកុំកន្តើយ ចូររួមគិតគូ
ជ្រោងសន្តិភាព ឲ្យអង្វែងយូរ ទើបជាតិបានធូរ-
ស្បើយពីទុក្ខា។

១២៖ បង្កើតស្នាដៃ នាំចម្រើនជ័យ តពីដូនតា
ពង្រាយវប្បធម៌ លើកស្ទួយកិត្យា នោះទើបខេមរា
រីកចម្រើនអើយ៕