Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះ ខួបលើកទី៤៣ឆ្នាំ នៃការធ្លាក់ខ្លួនពិការភ្នែករបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចតេជោអំពាវនាវរួមគ្នាទប់ស្កាត់ កុំឲ្យសង្រ្គាមកើតឡើងវិញ ទោះត្រូវបង់ថ្លៃប៉ុណ្ណាក៏ដោយ!

16-04-2018 08:16

(សៀមរាប)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា ថ្ងៃនេះ ជាខួបលើកទី៤៣ឆ្នាំ នៃការធ្លាក់ខ្លួនពិការភ្នែករបស់សម្តេច ក្នុងការប្រយុទ្ធស្លាប់រស់ នៃសមរភូមិប៉មទន្លេបិទ (នៅក្បែរគល់ស្ពានគីស្យូណាបច្ចុប្បន្ន) កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរួមគ្នារក្សាសន្តិភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ និងរួមគ្នាទប់ស្កាត់កុំឲ្យសង្រ្គាមកើតឡើងវិញ ទោះត្រូវបង់ថ្លៃប៉ុណ្ណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ថ្ងៃទី១៦ មេសា ២០១៨ នេះជាខួបលើកទី៤៣ឆ្នាំនៃការធ្លាក់ខ្លួនពិការភ្នែករបស់ខ្ញុំ (១៦ មេសា ១៩៧៥- ១៦ មេសា ២០១៨)។

ខ្ញុំនៅចាំបានថា ម៉ោង៦និង១៥នាទីព្រឹកថ្ងៃ១៦ មេសា១៩៧៥ មានការប្រយុទ្ធស្លាប់រស់នៅសមរភូមិប៉មទន្លេរបិទ ដែលពេលនេះក្បែរគល់ស្ពានគីស្យូណា។ ពេលនោះហើយដែលខ្ញុំត្រូវរបួសជាលើកទី៥ នៃការប្រយុទ្ធ១០៥លើក ក្នុងរយៈពេល៥ឆ្នាំនៃការប្រយុទ្ធជាមួយពួកបរទេសឈ្លានពាន និងបរិវា។

យុវជនជំនាន់មុនបានក្លាយជាចំណាប់ខ្មាំង នៃសង្រ្គាមដែលគ្មានសិទ្ឋិជ្រើសរើស ដូចយុវជនសម័យសន្តិភាពនេះឡើយ។ សូមរួមគ្នារក្សាសន្តិភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។ សូមទប់ស្កាត់កុំឲ្យសង្រ្គាមកើតឡើងវិញ ទោះត្រូវបង់ថ្លៃប៉ុណ្ណាក៏ដោយ»៕