(សេអ៊ូល)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងសមាជិកសភាកូរ៉េប្រចាំតំបន់សេអ៊ូល បានចូលរួមកម្សាន្តសប្បាយជាមួយប្រជាពលករខ្មែរ ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ លើទឹកដីកូរ៉េ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨។
មានមតិសំណេះសំណាលជាមួយពលករខ្មែរ នាឱកាសនោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងថា នៅឧបទ្វីបកូរ៉េឆ្នាំនេះ សភាពការណ៍នយោបាយរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងមានភាពល្អប្រសើរ ព្រោះបានកាត់បន្ថយភាពតានតឹង។ រីឯប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋកូរ៉េទៀតសោត ក៏អាចរស់នៅដោយភាពសុខសាន្ត គ្មានការព្រួយបារម្ភផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជាបានប្ដូរពីប្រទេសក្រីក្រមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប កំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោក អ៉ិត សំហេង បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េអនុវត្តនូវភារកិច្ចចំនួន ៥ចំណុច រួមមាន៖
១៖ ពង្រឹងសហប្រតិបត្តិការជាមួយភាគីកូរ៉េ ដើម្បីរក្សា និងបង្កើនការងារជូនពលករកម្ពុជា។
២៖ ផ្ដល់សេវាសាធារណៈជូនពលករ តាំងពីពេលប្រឡង ធ្វើតេស្តភាសាកូរ៉េ រហូតដល់ពេលធ្វើការ និងត្រលប់ទៅវិញ។
៣៖ សហការជាមួយភាគីកូរ៉េ ការពារសិទ្ធិការងារតាមច្បាប់ និងអនុស្សរណៈយោគយល់។
៤៖ ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើនសមត្ថភាពជូនពលករ ដើម្បីអាចរកការងារថ្មី និងត្រៀមលក្ខណសម្បត្តិពេលដែលត្រលប់មកវិញ។
៥៖ រៀបចំផ្ទះស្នាក់នៅបណ្ដោយអាសន្ន សម្រាប់ពលករដែលប្ដូរកន្លែងការងារ ស្នាក់នៅ និងរកការងារថ្មីបាន៥កន្លែង ជាគម្រោងឧបត្ថម្ភដោយតេជោ ហ៊ុន សែន តាមរយៈកូនច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត។
លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យពលកររស់នៅ ធ្វើការ គោរពច្បាប់ រួមគ្នារក្សាសន្តិភាព ស្ថិរភាព ថែរក្សាសុខភាព ខិតខំរៀនវិជ្ជាជីវៈ។ ពេលចប់កិច្ចសន្យាសូមវិលទៅប្រទេសវិញ កុំបន្តនៅខុសច្បាប់ សាមគ្គីភាពខ្មែរនិងខ្មែរ ជួបគ្នាទៅវិញទៅមក ត្រូវមានទំនាក់ទំនងល្អជាមួយភាគីកូរ៉េ។
លោកបន្តអំពាវនាវឲ្យពលករខ្មែរនៅទីនោះ បន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពរបស់ប្រទេសជាតិ ដែលជាគន្លឹះសម្រាប់ការបន្តអភិវឌ្ឍ ព្រោះបើកាលណាមានសន្តិភាព ស្ថិរភាព ទើបអាចរក្សាការពារបាន។
លោក អ៉ិត សំហេង បានណែនាំពលករឲ្យត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជា។ ជម្រើសល្អបំផុត សុំបោះឆ្នោត និងផ្ដាំផ្ញើទៅក្រុមគ្រួសារនៅស្រុក បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
បរិយាកាសកម្សាន្តសប្បាយនាពេលនោះ ពិតជាបានបង្ហាញពីសាមគ្គីភាព ការបន្តភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ខណៈពលករខ្មែរម្នាក់ៗសុទ្ធតែបង្ហាញភាពញញឹមរាក់ទាក់ ហើយពួកគេបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានចុះសំណេះសំណាលដល់ប្រទេសកូរ៉េផ្ទាល់ និងចូលរួមរាំកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាមួយសប្បាយជាមួយថ្នាក់ដឹកនាំយ៉ាងច្រើនកុះករផងដែរ៕