(ភ្នំពេញ)៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរ ត្រូវចោរលួចយកសម្ភារៈមានតម្លៃជាច្រើន កាលពីថ្ងៃទី១៣ ខែមេសាថ្មីៗនេះ នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោល រាជធានីភ្នំពេញ។ នេះបើយោងតាម Facebook ផ្លូវការរបស់លោក កាំង ម៉ូលីកា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ។
បន្ទាប់ពីបាត់បង់ទ្រព្យសម្បត្តិរួចមកលោក កាំង ម៉ូនីកា បានដាក់ពាក្យបណ្តឹងរួចរាល់ហើយទៅប៉ុស្តិ៍នគបាលសង្កាត់ទឹកល្អក់៣ និងការិយាល័យកងរាជអាវុធហត្ថខណ្ឌទួលគោក។
លោកសរសេរថា «ខ្ញុំបាទនឹងដាក់ពាក្យបណ្តឹងថែមទៀតទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃ ដើម្បីស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចបើកការស៊ើបអង្កេតស្វែងរកចាប់ខ្លួនជនល្មើស»។
លោកបញ្ជាក់ថា «ក្នុងករណីបងប្អូនបានប្រទះឃើញ ឬមានព័ត៌មានទាក់ទង និងឯកសារខាងលើ សូមមេត្តាជួយផ្តល់ព័ត៌មានដល់យើងខ្ញុំ ផងតាមរយៈលេខទូរស័ព្ទ៖ 012 602 222, 086 888 333, 077 243 333។ យើងខ្ញុំនឹងផ្តល់ជូនជាសាគុណជាទឹកប្រាក់ចំនួនUS$500 (ប្រាំរយដុល្លាអាមេរិក)»៕