(ភ្នំពេញ)៖ កម្ពុជា បានបញ្ជូនគណៈប្រតិភូ៤រូប ធ្វើដំណើរទៅចូលរួមសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅទីក្រុងបាគូ រដ្ឋធានីនៃសាធារណរដ្ឋអាស៊ែបាយស្សង់។

គណៈប្រតិភូកម្ពុជា បានអញ្ជើញទៅចូលរួមសង្កេតការណ៍បោះឆ្នោតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា។ ដោយឡែក ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះបានប្រព្រឹត្តឡើងកាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ថ្មីៗនេះ តបតាមការអញ្ជើញរបស់គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោត នៃប្រទេសអាស៊ែបាយស្សង់ (Central Election Commission-CEC) ចំពោះអង្គការអ្នកប្រជាធិបតេយ្យនិយកកណ្តាលអន្តរជាតិ (CDI)។

គណៈប្រតិភូកម្ពុជា ដែលអញ្ជើញចូលរួមរួមមាន៖ សមាជិករដ្ឋសភា១រូប, អ្នកតំណាងមកពីគណបក្សនយោបាយចំនួន២រូប និងសមាជិកអង្គការសង្គមស៊ីវិលចំនួន១រូប។

សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី មានបេក្ខជន៨រូប ឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី។ អង្គការនយោបាយមួយចំនួនដូចជា ក្រុមប្រឹក្សាជាតិ នៃកងកម្លាំងប្រជាធិបតេយ្យ និងគណបក្សរណសិរ្សជាតិអាស៊ែបាយស្សង់, គណបក្សរណសិរ្សជាតិអាស៊ែបាយស្សង់បែបប្រពៃណី, គណបក្ស Musavat និងគណបក្ស Umid បានសម្រេចចិត្តធ្វើពហិការមិនចូលរួមការបោះឆ្នោត ខណៈពេលដែលគណបក្សប្រឆាំងផ្សេងទៀត ដូចជាគណបក្សអ្នកប្រជាធិបតេយ្យអាស៊ែបាយស្សង់, គណបក្សអ្នកប្រជាធិបតេយ្យសង្គមអាស៊ែបាយស្សង់, គណបក្សរណសិរ្សប្រជាប្រិយភាពទូទាំងអាស៊ែបាយស្សង់, គណបក្សចលនាភាពរស់ឡើងវិញ នៃជាតិ និងគណបក្សសមភាពទំនើប បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។

ការបោះឆ្នោតនេះ មានមណ្ឌលបោះឆ្នោតចំនួន ១២៥ និងការិយាល័យបោះឆ្នោតចំនួន ៥,៤២៦ អត្រាអ្នកបានទៅបោះឆ្នោតមានចំនួន៧៤,៥១ភាគរយ។ តាមរយៈការចុះទៅសង្កេតការណ៍របស់យើង ដោយចល័តនៅតាមការិយាល័យ បោះឆ្នោតនានា ដែលស្ថិតនៅទីតាំងផ្សេងៗគ្នានៅរដ្ឋធានី និងជាក្រុង ដោយទទួលស្គាល់ពីបរិយាកាស នៃការបោះឆ្នោតប្រកបទៅដោយត្រឹមត្រូវ និងសន្តិវិធី ការបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់។ នៅតាមការិយាល័យទាំងនៅមិនមានសញ្ញា នៃការបំភិតបំភ័យ ការបង្ខិតបង្ខំ និងអំពើហិង្សាទេ។

សម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ត្រូវបានអនុញ្ញាតឱ្យបំពេញភារកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធិភាព ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងឯករាជ្យ ប្រទេសអាស៊ែបាយស្សង់គោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព និងសុច្ចរិកភាព នៃការបោះឆ្នោត ដែលលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះពិតជាបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីឆន្ទៈរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យយើងអស់មន្ទិលសង្ស័យពីមាគ៌ាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ និងពិតប្រាកដ៕