(បាត់ដំបង)៖ នៅថ្ងៃអាទិត្យ ១កើត ខែពិសាទ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃចូលឆ្នាំ ចំថ្ងៃទី២ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានរកឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះ ប្រភេទ MK81 មួយគ្រាប់ និងបានយកចេញរួចរាល់ផងដែរ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។
លោក ហេង រតនា អគ្គនាយកសុីមម៉ាក់ បានឲ្យដឹងថា «ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង បានទទួលកូនពៅ គ្រួសារគ្រាប់បែក MK គឺប្រភេទMK81! ក្រុមប្រចាំការអន្តរាគមន៍ បានយកចេញស្អាត»។
អគ្គនាយកស៉ីម៉ាក់រូបនេះ បានបន្ថែមទៀតថា «កម្ពុជា ត្រូវការសំឡេងសប្បាយហ៊ោកញ្រ្ចៀវ មិនត្រូវការសំឡេងគ្រាប់បែកនោះទេ! ថារង់ចាំចូលឆ្នាំហើយ ទើបឆ្លើយតប តែដោយសារទេវតាឆ្នាំថ្មីដាក់បញ្ជាថា ត្រូវតែធានាសុខសុវតិ្ថភាព និងលុបបំបាត់ការភ័យខ្លាច»៕